បរទេស៖ អភិបាលរដ្ឋហាវ៉ៃ(Hawaii) ប្រកាសដាក់រដ្ឋមួយនេះក្នុងភាពអាសន្ន ដោយសារអាកាសធាតុមិនល្អ ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង  ហើយវាបានធ្លាក់ព្រិលនៅលើកំពូលភ្នំលើកោះថែមទៀតផង។

កោះហាវ៉ៃ(Hawaii) ត្រៀមទប់ទល់នឹងទឹកជំនន់ភ្លាមៗ  បន្ទាប់ពីប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងរន្ទះក្នុងរយៈពេលកន្លងមក  ភ្លៀងធ្លាក់យ៉ាងជោគជាំនៅក្នុងទីក្រុង Kula និង Maui ខណៈដែលតំបន់ផ្សេងទៀតបានឃើញថាមានភ្លៀងធ្លាក់ខ្លាំងដូចគ្នា ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីទាំងស្រុង រហូតជំរុញឱ្យអភិបាលរដ្ឋហាវ៉ៃ( Hawaii) លោក David Eage ប្រកាសអាសន្នជាបន្ទាន់  ដើម្បីត្រៀមទប់ទល់នឹងទឹកជំនន់មកដល់ភ្លាមៗ ដែលអាចធ្វើឱ្យខូចខាតអគារប្រជាពលរដ្ឋ និងសង្កាត់ពាណិជ្ជកម្ម  ព្រមទាំងអាចបញ្ចេញថវិកាសង្គ្រោះបន្ទាន់ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ទីភ្នាក់ងារអាកាសធាតុក៏បានព្យាករណ៍ថាភ្លៀងធ្លាក់ខ្លាំងនៅតែបន្តនៅលើកោះ Maui, Oahu និង Kauai ដោយក្នុងនោះក៏មានត្រៀម តង់ បណ្ដោះអាសន្ន ត្រូវបានគេដំឡើងសម្រាប់ជនរងគ្រោះផងដែរ  ក្នុងនោះក៏មានការព្រមានអំពីទឹកជំនន់នឹងកើតមានឡើង ហើយការរអិលបាក់ដីត្រូវបានគេរំពឹងទុកថានឹងកើតមាននៅក្នុងតំបន់មួយចំនួន ជាលទ្ធផលផ្លូវត្រូវបិទព្រោះងាយនឹងមានការបាក់ដី ដោយសារទឹកជំនន់មួយនេះ ៕