សៀមរាប ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៖

វិបត្តិនៃជំងឺកូវីដ១៩ ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ហើយប្រទេសកម្ពុជាក៏ទទួលរងនូវការប៉ះពាល់ផងដែរ ដែលធ្វើឲ្យបណ្តាលក្រុមហ៊ុនអាជីវកម្ម អង្គភាពក្រៅរដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋកម្ពុជាជាច្រើនអ្នក មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នេះមកលើសេដ្ឋកិច្ចជាតិ និងចំណូលគ្រួសារ។
https://blogger.googleusercontent.com/img/a/AVvXsEhZ6k9xGAcnuOo9gTVoYBrxfT82SAnLeY0mfrTXJvx5cXyOXF089OKgWg0sNbVnzGEUQ3fjmdVKoHotmfAgm-0PO0dc0LZGFtQGaG3GJtD-yd_JvnBnsnTRo22c2ovxMYq3txAj3UWn9PB8DNyasU1r87JOFB-BfZTS4u7Mq2sUoB4JCKscd6U2GaVZXQ=s2048

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពក្រៅរដ្ឋាភិបាល ដែលពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ដល់ដំណើរការផ្តល់សេវាថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលបានបើកបំរើសេវាសុខភាពជូនកុមារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ។​ ទោះជាមានបញ្ហាថវិកា នៅក្នុងដំណើរការប្រតិបត្តិយ៉ាងណាក៏ដោយ ក៏មន្ទីរពេទ្យមួយនេះមិនអាចទុកកុមារណាម្នាក់ចោលដោយមិនពិនិត្យព្យាបាលឡើយ។ បន្ទាប់ពីមានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបើកដំណើរការឡើងវិញនូវបណ្តាអាជីវកម្ម សាលារៀន និងព្រឹត្តិការណ៍សាធារណៈនានាមក គណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ (Cycling for Cambodia – CFC) និងមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំដោយ មីជាតិ និងសហការឧបត្ថម្ភដោយក្រុមហ៊ុនអាជីវកម្មមួយចំនួនទៀត ក៏បានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ខ្លួនឡើងវិញដើម្បីរៃអង្គាសមូលនិធិសម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ជាបន្តទៅទៀត ដោយគ្រោងនឹងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីអនាម័យលាងដៃ ពាក់ម៉ាស់ រក្សាគំលាត រួមទាំងបញ្ចូលនូវសកម្មភាពមួយចំនួន ក្នុងការថែរក្សាបរិស្ថានផងដែរ។
https://blogger.googleusercontent.com/img/a/AVvXsEhffvO-bdFXn871xDQd9pxDEluIB0imnup2tdjeYpZ8DrK_lf5n1g7MY8FpmvbwLe2SbZioqWoTDHDbNmmtqDMna-FEHZ8xXzREkXbqVu7sPTwkhJVXxzL9KcAyJOVsBve5UR0UJ6Mmo9JHeiu5dqgfymzhOvFA5kYbHYfWAAm91GIvqiorV8y_sgEjWg=s1280

ការជិះកង់ គឺជាសកម្មភាពកំសាន្ត ថែរក្សាសុខភាព និងកីឡា ដ៏ពេញនិយមនៅសម្រាប់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ ហើយព្រឹត្តិការណ៍សប្បុរសធម៌មួយនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១ រសៀល ដោយចាប់ចេញដំណើរពី ផ្សាររាត្រីសៀមរាបអាតសិនធ័រ ឆ្ពោះទៅកាន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិភ្នំក្រោម ដោយឆ្លងកាត់តាមប្រាសាទបុរាណវត្តអធ្វារ និងទីតាំងភូមិដ៏ស្រស់ស្អាតមួយចំនួន ព្រមទាំងមានបញ្ចូលនូវសកម្មភាពជាច្រើន ដូចជាការលេងល្បែងកំសាន្តបង្កើនកំលាំងស្មារតីជាក្រុម ការចាប់រង្វាន់ និងការរាំច្រៀងកំសាន្តផងដែរ ដោយរំពឹងថានឹងមានអ្នកចូលរួមជិះកង់ប្រមាណ៤០០នាក់ ដែលអ្នកចូលរួមតម្រូវឲ្យធ្វើការបរិច្ចាគជាថវិកាចំនួន ២០ ដុល្លារអាមេរិក ក្នុងមួយនាក់ និងទទួលបានអាវយឺត កន្សែងមានមុខងារចម្រុះ ទឹកញ៉ាំ និងអាហារថ្ងៃត្រង់ដែលវេចខ្ចប់ដោយស្លឹកឈូកប្រកបដោយអនាម័យ ក្នុងគោលបំណងកាត់បន្ថយផ្លាស្ទិកថែមទៀតផង។
https://blogger.googleusercontent.com/img/a/AVvXsEi5VgOhQJLIHSIJQtbh-29BFFhve0uf3u2aATGgVcXKvcR_HpWzrCcSDswGgUjoXG8TNP28RBVdhdj2VwqyBHFdg-S86bDrnA_vg890rHgoT71cRA8m0ZCYxa9We_4jYgtd1v3VqAkxC9I3fWN2vIKY1dlVicPxYkhYvS3se-K50IU0wwKB--o1AtSTVw=s1024

គណៈកម្មាធិការជិះកង់កម្ពុជា លោក ហ៊ុន សុជាតិ មានប្រសាសន៍ថា “ ទោះបីជាមានឧបសគ្គមួយចំនួនក្នុងការរៀបចំកម្មវិធីជិះកង់នេះក៏ដោយ ក៏គណៈកម្មាធិការទាំងមូលនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជាចំណែកមួយជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងតែជួបប្រទះការខ្វះខាត” ។ លោកវេជ្ជបណ្ឌិត ងួន ចន្ទ័ភត្រ្តា នាយកមន្ទីរពេទ្យ មានប្រសាសន៍បន្ថែមដោយទឹកមុខរីករាយថា “សូមកោតសសើរនូវទឹកចិត្តរបស់គណៈកម្មាធិការទាំងមូលដែលប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តដើម្បីធ្វើឲ្យព្រឹត្តិការណ៍មួយនេះកើតឡើង។ ក្នុងនាមថ្នាក់ដឹកនាំមួយរូបនៃមន្ទីរពេទ្យកុមារអង្គរ សង្ឃឹមថាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស និងចូលរួម ក៏ដូចជាឧបត្ថម្ភដល់ព្រឹត្តិការណ៍ជិះកង់នេះ ដើម្បីសុខភាព កម្សាន្តនិងកិច្ចការមនុស្សធម៌ “ ។ ​កម្មវិធីជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារ មិនអាចប្រព្រឹត្តិទៅបាននោះទេប្រសិនបើគ្មានការចូលរួមឧបត្ថម្ភពី មីជាតិ ។​ លោក ហុង សុវណ្ណ តំណាងមកពីនាយកដ្ឋានគ្រប់គ្រងទីផ្សារ  នៃផលិតផលមីជាតិ បាន​មាន​ប្រសាសន៍​ថា “ផលិត​ផល​មីជាតិ ពិត​ជា​មាន​សេចក្តី​រីករាយ ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ក្នុង​កម្ម​វិធី​ជិៈកង់​នេះ។​ កម្មវិធី​សប្បុរស​​ធម៌មួយ​នេះ គឺ​ជានិមិត្ត​រូប​​មួយរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីសាមគ្គី ការរួបរួមគ្នា និង​ការបង្ហាញក្តី​ស្រលាញ់ ​​តាមរយៈការប្រមូលមូលនិធិថវិកា ដើម្បី​បរិច្ចាគ​​​​ជួយ​​ដល់កុមារ​​កម្ពុជា។ ខ្ញុំសង្ឃឹមថា យើងទាំងអស់​គ្នា ជា​ប្រជា​ពល​​រដ្ឋ​កម្ពុជា នឹង​ចូលរួម​គាំទ្រ​កម្ម​វិធី​មួយ​នេះដើម្បីកុមារកម្ពុជា។” ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រផលិត​ផលជាតិស្នាដៃខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយការជម្រុញ និងគាំទ្រផលិតផលក្នុងស្រុក។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិប្តេជ្ញាចិត្តបន្ត​ចូល​រួម​ចំណែក​​ក្នុង​សកម្ម​ភាព​សង្គម និងសប្បុរសធម៌ជានិច្ច។
https://blogger.googleusercontent.com/img/a/AVvXsEg0DZtgKVHtE_irFFUImP-ClEW2JEekMLfkYw1GZXeUBH-c9hie2DkOnHEzHi71MQG42F1jdPXrt93yRk9ElfafdYl-9q_JnNLnIPH0L8t5P6SGsQgYqTwaiEtc7IkUr01tBgH4RPZUgPODUkANdlhepj2B-o_bWDHA-5DLDcSUj2vDzXyS6THaOLHbyQ=s1400

អំពីមន្ទីរពេទ្យកុមារអង្គរ៖

មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង២០ឆ្នាំ។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេល​ជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវាសុខភាពប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។​ តាមរយៈទិន្នន័យនៃការស្រាវជ្រាវ និងគោលនយោបាយបានបង្ហាញឲ្យឃើញថា មន្ទីរពេទ្យកុមារអង្គរកំពុងតែជួយសង្គ្រោះជីវិតកុមារកាន់តែទូលំទូលាយ តាមរយៈការពង្រឹងប្រព័ន្ធថែទាំសុខភាព និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារក្នុងតំបន់ និងអន្តរជាតិ។
https://blogger.googleusercontent.com/img/a/AVvXsEiEjXIcriraqN1H9AEg-NG3RZnEkPl3IlUor3g7lq_TIQ9qSka8Pgg3_apfZTJfFA4Y_BFWdBRn5LbUklRJ9zdoO61NDAwjfjL9LoTUsT7pA5yoJYxa1vCghZ9N96fQO7IYwZrrsAR7PdzGROS9ZfLHvKXZVb1k3iVCl9WsyAJYulcM1Dh0HOmF22w82Q=s2048

 លេខទំនាក់ទំនង៖

ផ្នែកសារព័ត៌មាន៖ លោក ថេន រតន៍ (មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងផ្សព្វផ្សាយនៃមន្ទីរពេទ្យកុមារអង្គរ)

Email: rorththen@angkorhospital.org / Tel: 069 57 39 80

ផ្នែកព្រឹត្តិការណ៍៖ អ្នកស្រី ហ៊ាន សោភា (មន្ត្រីជាន់ខ្ពស់ផ្នែករៀបចំព្រឹត្តិការណ៍នៃមន្ទីរពេទ្យកុមារអង្គរ)

Email: sorphea@angkorhospital.org / Tel: ០៩៨/០១៧ ៧២៥ ៧៤៥

Website: angkorhospital.org