ថៃ៖ បើសួរអំពីកោះដែលមានទឹកសមុទ្រចម្រុះពណ៌ស្រស់ស្អាត និង កោះដែលមានពិភពក្រោមទឹកស្អាតជាងគេក្នុងប្រទេសថៃនោះអ្នកទេសចរណ៍ដែលនិយមដើរកម្សាន្តតាមសមុទ្រច្បាស់ជានឹកឃើញ ឈ្មោះកោះសុរិន (Surin )ជាក់ជាមិនខាន ព្រោះនេះជាកោះដែលត្រូវបានគេស្គាល់ថាមានពិភពក្រោមទឹកស្អាតបំផុតរបស់ប្រទេសថៃ។

ថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាបាតសមុទ្រដ៏ស្រស់ស្អាតឈ្មោះថាកោះសុរិន(Surin)៖

កោះសុរិនដំបូងឡើយ យើងត្រូវធ្វើដំណើរ ឆ្ពោះទៅកាន់កំពង់ផែ Thap Lamu  គឺត្រូវចំណាយពេលប្រហែល ២ម៉ោងដើម្បីដល់គោលដៅ។

កោះសុរិនជាកោះមួយនៅឆ្ងាយពីឆ្នេរសមុទ្រ ប៉ុន្តែចម្ងាយនេះហើយជាភាពទាក់ទាញរបស់កោះនេះព្រោះបន្ទាប់ពីចំណាយពេលធ្វើដំណើរដ៏យូរហើយ អ្នកនឹងឃើញធម្មជាតិពិតជាសម្បូរបែបនិងស្រស់ស្អាត អ្នករាល់គ្នានឹងទទួលបានបទពិសោធន៍ថ្មីៗជាច្រើននៅទីនោះ។

បន្ថែមពីលើភាពស្រស់ស្អាតនៃសមុទ្រនៅក្នុងឧទ្យានជាតិកោះសុរិន( Surin ) ភ្ញៀវទេសចរក៏អាចទទួលបាននូវរសជាតិជីវិតរបស់ជនជាតិម៉ុក  កុលសម្ព័ន្ធដែលបានតាំងលំនៅនៅលើកោះសុរិននេះដែលពួកគេ គឺជាជនជាតិមួយក្នុងចំនោមជនជាតិចំនួនបីដែលរស់នៅទីនោះ នេះគឺជាភាពទាក់ទាញ មួយដែលឱ្យភ្ញៀវទេសចរពីជុំវិញពិភពលោកមកទស្សនាយ៉ាងកុះករ។

បន្ទាប់ពីអ្នករាល់គ្នាបានទៅទស្សនា របៀបរស់នៅរបស់ជនជាតិម៉ុក គឺដល់ពេលដែលអ្នកត្រូវទៅមុជទឹកដើម្បីទៅទស្សនា នៅពិភពក្រោមទឹក ដែលយើងមានឱកាសមើលសត្វសមុទ្រកម្រៗ និងផ្កាថ្មជាច្រើនប្រភេទនៅក្នុងទីតាំងកោះនេះ។ហើយ អ្វីដែលយើងនឹងឃើញជាញឹកញាប់គឺត្រី Nemo ដែលគួរឲ្យស្រលាញ់  ឬប្រសិនបើអ្នកមានសំណាង ថ្ងៃខ្លះអ្នកអាចនឹងជួបអណ្តើកសមុទ្រដែលចេញមកស្វាគមន៍ភ្ញៀវទេសចរ  ហើយក៏បានឃើញចំណោមផ្កាថ្មចម្រុះពណ៌ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចជាបានចូលទៅក្នុងពិភពផ្សេងមួយទៀត នៅក្រោមទឹក

ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលចូលចិត្តដើរកម្សាន្តសមុទ្រ កោះសុរិន(Surin ) ជាកោះដែលត្រូវតែទៅទស្សនាកុំខាន ព្រោះភាពស្រស់ស្អាតនៃពិភពលោកក្រោមទឹកដែលអាចនិយាយបានថាជាលំដាប់ពិភពលោក  និងជាភាពទាក់ទាញដែលមិនគ្មានកន្លែងណាផ្សេងទៀតក្រៅពី កោះសុរិន (Surin ) វាពិតជាមានតម្លៃសម្រាប់ខ្លួនអ្នកទេសចរណ៍ខ្លាំងណាស់ ហើយក៏មិនធ្វើឱ្យអ្នកស្ដាយក្រោយនោះទេ៕