បរទេស៖ វិទ្យាស្ថានដេញថ្លៃ Sotheby  នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានធ្វើការដាក់ឱ្យដេញថ្លៃ ផ្ទាំងគំនូរមួយផ្ទាំង រហូតទៅដល់៣៤.៩លានដុល្លារអាមេរិក ដែលបង្កើតកំណត់ត្រាសម្រាប់គំនូរថ្លៃបំផុតក្នុងចំណោមវិចិត្រករអាមេរិកទាំងអស់។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ គេហទំព័រដ៏ល្បីមួយបានរាយការណ៍ថា វិទ្យាស្ថានដេញថ្លៃ Sotheby នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានធ្វើការដាក់ឱ្យដេញថ្លៃ ផ្ទាំងគំនូរមួយផ្ទាំងដែលជារូបមានឈ្មោះថា “Diego and I”  និងជាស្នាដៃគំនូររបស់វិចិត្រករស្រីជនជាតិម៉ិកស៊ិកដ៏ល្បីល្បាញម្នាក់ឈ្មោះថា “Frida Kahlo” ត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃដ៏ខ្ពស់រហូតដល់ ៣៤.៩លានដុល្លារអាមេរិកដែលថ្លៃខ្ពស់បំផុត។

ផ្ទាំងគំនូរ “Diego and I” ដែលមានទំហំត្រឹមតែ ៣០ គុណនឹង ២២.៤សង់ទីម៉ែត្រ ទើបតែត្រូវបានដាក់លក់ដេញថ្លៃជាលើកដំបូងក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ  ក្នុងនោះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺគំនូរនេះជារូបរបស់ Frida Kahlo ផ្ទាល់តែម្ដងដែលគូរក្នុងឆ្នាំ ១៩៤៩ នៅមុនពេលនាងស្លាប់ បន្ទាប់មករហូត៥ឆ្នាំក្រោយគេក៏បានរកឃើញគំនូរមួយផ្ទាំងនេះតែម្ដង ដែលគំនូរនេះមានរូបនាង និងស្វាមីជាវិចិត្រករដូចគ្នាឈ្មោះថា Diego Rivera ដោយក្នុងនោះនាងគូរចង់បង្ហាញពីទំនាក់ទំនងស្នេហាដ៏កក់ក្ដៅរវាងអ្នកទាំងពីរ ដែលបានរៀបការរយៈពេលជិត ២៥ឆ្នាំ ដូច្នេះហើយទើបក្នុងគំនូរនោះនាងដាក់ឈ្មោះ ស្វាមីបូករួមនឹងខ្លួនរបស់នាងថា Diego ហើយនឹងខ្ញុំ(Diego and I) ៕