រដ្ឋធានីហាណូយ៖ ថ្វីបើប្រទេសវៀតណាម បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីរលកកូវីដ-១៩ចុងក្រោយ​ក្ដី ប៉ុន្ដែតម្លៃអចលនទ្រព្យរបស់ប្រទេសអាស៊ានមួយនេះ កំពុងតែកើនឡើងថ្លៃ​ ខណៈតម្លៃផ្ទះល្វែង​ ឬអាផាតមិនមួយចំនួន កើនតម្លៃរហូតដល់៥០០ ០០០ ០០០ដុង (លុយវៀតណាម) ស្មើនឹង ២២ ៩៤៦ដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេលប៉ុន្មានខែ កន្លងមកនេះ។​

បើតាមសារព័ត៌មាន Vietnam Net បានចេញផ្សាយ ​កាលពីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកស្រី Minh Hanh និង ប្ដីរបស់អ្នកស្រី មកពីខេត្ត Hung Yen ។ ប៉ុន្ដែក្រោយពេលបើកអាជីវកម្ម អស់រយៈពេល៥ឆ្នាំ នៅក្នុងទីក្រុងហាណូយ រួចមក ពួកគាត់មានបំណងចង់បានផ្ទះសម្បែងមួយខ្នង ដើម្បីតាំងលំនៅ នៅក្នុងស្រុក Long Bien ព្រោះតម្លៃផ្ទះ នៅតំបន់នេះ មិនខ្ពស់ ដូចជា នៅតាមទីរួមស្រុកផ្សេងៗទៀត ហើយហេដ្ឋារចនាសម្ព័ន្ធ នៅទីនោះ ក៏ពួកគាត់ពេញចិត្តផងដែរ។​

នៅដើមឆ្នាំ២០២១  សាច់ញាតិរបស់អ្នកស្រី Hanh បានទិញផ្ទះកម្ពស់៤​ជាន់ លើដីទំហំ៣​0 ម៉ែត្រការ៉េ នៅតាមផ្លូវតូច Bo De ក្នុងតម្លៃ ២,២​ពាន់លានដុង ឬស្មើនឹង៩៧ ០០៣ដុល្លារសហរដ្ឋអាមេរិក។ ​ផ្ទះតូចៗ សម្រាប់គ្រួសារតូច ​មានសមាជិក៤​នាក់ នៅក្នុងមូលដ្ឋាន មានតម្លៃជាមធ្យម ចន្លោះពី ២,២ ​ទៅ ២,៧​ពាន់លានដុង ឬស្មើនឹងចន្លោះពី ៩៧ ០០៣ដុល្លារ ទៅ ១១៩ ០៤៩ដុល្លារសហរដ្ឋអាមេរិក។​​​​​​​​​

ក្រសួងសំណង់វៀតណាម បានបញ្ជាក់ នៅក្នុងរបាយការណ៍ នៅត្រីមាសទី៣របស់ខ្លួន​ ថា ​ទីផ្សារអចលនទ្រព្យ បានបង្ហាញថា ប្រតិបត្តិការអចលនទ្រព្យ ត្រូវបានរងផលប៉ះពាល់ ក្នុងអំឡុងពេល​មានវិបត្ដិជំងឺរាតត្បាត ដោយសារអ្នកទិញ និងអ្នកលក់ មិនអាចជួបគ្នាបាន ចំពេលមានការបិទខ្ទប់ ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ​។ ប៉ុន្ដែទោះជាយ៉ាងណា តម្រូ​វការ នៅតែកើនតឡើង ហើយវិនិយោគិន កំពុងតែបង្កើនការខិតខំប្រឹងប្រែង ដើម្បីបង្កើនការលក់ ដូរ ព្រោះវិស័យនេះ នឹងមានភាពល្អប្រសើរឡើងវិញ៕