រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ជាលើកដំបូង នៅក្នុងរដ្ឋកាលីហ្វ័រញ៉ានោះមក តែ​រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានបន្ដរកឃើញ នៅតាមរដ្ឋចំនួន៤ផ្សេងទៀត ដោយមានអ្នកឆ្លងវីរុសនេះ យ៉ាងតិច១០នាក់។​

​សារព័ត៌មាន Axios បានចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា Hawii ក្លាយជារដ្ឋទី៥របស់សហរដ្ឋអាមេរិកអាមេរិក រកឃើញវីរុស Omicron  ដោយមានអ្នកឆ្លងយ៉ាងតិច១០នាក់។ ​ករណីនេះ ធ្វើឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ​ប្រកាសពីវិធានការថ្មី ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាល នៃវីរុស Omicron ហើយជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំង ដូសជំរុញ។​ អ្នកវិជ្ជមាន នៃវីរុសប្រភេទនេះ គឺជាអ្នកដំណើរវិលត្រឡប់មកពីតំបន់​អាហ្វ្រិក​។

រដ្ឋញូវយ៉ក និង Hawaii បានរាយការណ៍ពីករណី Omicron ជាលើកដំបូង ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីវិធានការថ្មីនេះ។ ចំណែករដ្ឋទាំង៥របស់សហរដ្ឋអាមេរិក ដែលរកឃើញវីរុស Omicron នោះ រួមមាន រដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក ហាវ៉ៃ កូឡូរ៉ាដូ និង រដ្ឋមីនណេសូតា។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១២១ ៤៩៨នាក់ និង មានករណីស្លាប់ថ្មី ១ ១៩៨នាក់។ ​​សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង៤៩,៦លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៨០៦ ៣២៩នាក់ និង មានអ្នកជាសះស្បើយ ជាង៣៩,៣លាននាក់៕