បរទេស៖ នៅក្នុងពិភពលោកយើងនេះមានជីវៈចម្រុះជាច្រើនដែលបានផុតពូជពីផែនដីនិង បន្សល់ទុកត្រឹមតែគ្រោងឆ្អឹងនិងផូស៊ីលសម្រាប់អ្នកវិទ្យាសាស្ត្រសិក្សាឱ្យក្មេងជំនាន់ក្រោយបានស្គាល់។

នៅថ្ងៃទី១ខែធ្នូឆ្នាំ ២០២១ គេហទំព័រ CNN បាន រាយការណ៍ថា អ្នកជំនាញនៅសាកលវិទ្យាល័យ ឈីលី(Chile) បានរកឃើញថាមានដាយណូស័រប្រភេទថ្មីនៅលើពិភពលោកឈ្មោះថា Stegouros elengassen គឺជាសត្វដាយណូស័រប្រភេទតូច  ប្រវែងដងខ្លួនរបស់វាត្រឹមតែ ១.៨ ទៅ ២ ម៉ែត្រតែប៉ុណ្ណោះ ហើយគ្រោងឆ្អឹងរបស់វាអាចដាក់ផ្គុំចូលគ្នាក្នុងស្ថានភាពយ៉ាងពេញលេញ។ ក្នុងនោះគេបង្ហើបថាប្រភេទដាយណូស័រមួយនេះគឺ កម្រមានបំផុតនៅទ្វីបអាមេរិកខាងត្បូង មិនតែប៉ុណ្ណោះតាមរយៈការពិនិត្យឆ្អឹងដោយដំណើរការវិទ្យាសាស្ត្របានរកឃើញថា  ដាយណូស័រនេះមានអាយុពេញវ័យ ជាពិសេសអ្វីដែលអស្ចារ្យនោះគឺ ផ្នែកកន្ទុយរបស់វាមានលក្ខណៈចម្លែក មើលទៅដូចជាបន្លា រហូតទៅដល់ប្រាំពីរគូនៅលើកន្ទុយ ដែលជាអាវុធដើម្បីការពារខ្លួនវាពីមំសាសីធំៗ  នេះជាចំណុចការពារខ្លួនយ៉ាងពិសេស។

យ៉ាងណាមិញដាយណូស័រនេះត្រូវបានគេជឿថាធ្លាប់មានជីវិតរស់នៅក្នុងសម័យ Cretaceous ប្រហែល ៧១ ឬ ៧៤លានឆ្នាំមុន ដែលត្រូវបានគេរកឃើញផូស៊ីលនៅក្នុងខេត្ត Magallanes   នៅ Patagonia  ចុងភាគខាងត្បូងនៃប្រទេសឈីលី(Chile) ៕