រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចពន្យាពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អនុលោមតាមសេចក្តីជូនដំណឹងលេខ ២១៩៤ ព.ណ.ចបព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នឹងដល់កាលបរិច្ឆេទកំណត់ការស្នើសុំនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា សហគ្រាស-ក្រុមហ៊ុន ដែលបាននិងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួន កំពុងរៀបចំឯកសារ ដើម្បីធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ដូច្នេះដើម្បីផ្តល់លទ្ធភាពក្នុងការបំពេញកាតព្វកិច្ច ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទ ការផាកពិន័យលើការស្នើសុំនេះ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកំណត់។

ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា ក្នុងអំឡុងពេលនៃការពន្យារពេលនេះ ម្ចាស់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលបាននិងកំពុងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ នឹងរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមការកំណត់ជាក់ជាមិនខាន៕
https://blogger.googleusercontent.com/img/a/AVvXsEjP0aXT9G1866eqJBYKVxIzh5nGE26gYXkM5VVK1FaJ1ofh2UXZyIOJl_hg1CdIQDNMyI-6doxXiSiCaj7MO9XH6m-HXZCvEJNMvScX3g_-UeX7Mt4Y2LUBanO8o8DDGFCnsAyHcsy8MtNupEe4NviUNkfg4z5qEbAfCs04l6BBrdtSeI6Y4cBFQSl7Pg=s1280