បរទេស៖ ម៉ាំមីបុរាណ ត្រូវបានគេរកឃើញកប់នៅក្នុងផ្នូរក្រោមដី ហើយគេប៉ាន់ស្មានថាមានអាយុកាលប្រហែល ៨០០-១,២០០ឆ្នាំ ឬចាស់ជាងសម័យ Inca តែអ្វី ដែលអ្នកបុរាណ វិទូ ភ្ញាក់ផ្អើលនោះគឺម៉ាំមីនេះស្ថិតក្នុងសភាពលុតជង្គង់ និងយកដៃទាំងពីរបិតមុខ។

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមអ្នកបុរាណវត្ថុវិទូនៅសាកលវិទ្យាល័យ National Main University of San Marcos បានបង្ហាញពីការរកឃើញសាកសពម៉ាំមីនៅក្នុងផ្នូររាងពងក្រពើ ប្រហែល ៣ម៉ែត្រទៅក្រោមដី សាកសពម៉ាំមីស្ថិតក្នុងទ្រង់ទ្រាយល្អ  ក្នុងឥរិយាបទអង្គុយ រុំជុំវិញដោយខ្សែពួរ  ដៃទាំងពីរលើកឡើងដើម្បីបិទមុខ ហើយជុំវិញខ្លួនក៏មានវត្ថុបុរាណជាច្រើនទៀត។ក្នុងនោះគេបានបញ្ជាក់ថាកន្លែងដែលបានរកឃើញនោះនៅទីតាំងភាគខាងត្បូងនៃទីក្រុងលីម៉ា ដែលធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់មនុស្សក្នុងអរិយធម៌មុនសម័យ Inca ។

ប្រធានបុរាណវត្ថុវិទូបាននិយាយថា សាកសពម៉ាំមីនេះមានអាយុកាលប្រហែល ៨០០-១២០០ ឆ្នាំ ពោលគឺកាលពី ២០០-៦០០ ឆ្នាំមុននៅក្នុងចក្រភព Inca ក្នុងកំឡុងឆ្នាំ ១,៤០០នៃគ.ស។

យ៉ាងណាមិញមកដល់ពេលនេះអ្នកបុរាណវិទូមិនអាចកំណត់ច្បាស់ថាតើម៉ាំមីមួយនេះជាភេទអ្វីនោះទេ  ប៉ុន្តែពីការវាយតម្លៃយ៉ាងម៉ត់ចត់គេជឿថាអាចជាមនុស្សប្រុសអាយុប្រហែល២៥-៣០ ឆ្នាំហើយអាចជាមនុស្សសំខាន់របស់សហគមន៍ ដូចដែលអ្នកបុរាណវិទូនិយាយ កម្ររកសាកសពម៉ាំមីក្នុងទំរងរូបរាង និងឥរិយាបទបែបនេះណាស់ គេជឿថាវាអាចជាវិធីមួយក្នុងពិធីបុណ្យសពរបស់មនុស្សសម័យនោះ៕