ខេត្តស្ទឹងត្រែង៖ ស្ទើរតែជារៀងរាល់ឆ្នាំកសិករខ្មែរតែងតែជួបប្រទះនូវបញ្ហាដាំដំណាំដល់រដូវប្រមូលផលបែរជាគ្មានទីផ្សារលក់ទៅវិញ ដោយមានពេលខ្លះទីផ្សារមានហើយក៏ប៉ុន្តែតម្លៃបែរជាធ្លាក់ថ្លៃខ្លាំង ស្ទើរមិនអាចទទួលយកបាន ។ ហើយសម្រាប់ទំនិញកសិផលគ្មានទីផ្សារ ឬធ្លាក់ថ្លៃនេះផងដែរ ជាហេតុធ្វើឱ្យកសិករមួយចំនួនធំពិបាកចិត្តព្រោះតែពេលទូរទាត់ទៅសឹងមិនគ្រប់លុយសងធនាគារ ម្ចាស់ជី ម្ចាស់ប្រេង ទៀតផង ។

ជាក់ស្ដែងអ្នកស្រី នី ស្រីម៉ៅ អាយុ៤២ឆ្នាំ កសិកររស់នៅ ភូមិគីឡូលេខ៤ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រង់ បានប្រាប់ KBN ឱ្យដឹងតាមរយៈទូរស័ព្ទថា បច្ចុប្បន្នក្រុមគ្រួសារអ្នកស្រី ប្រកបរបរដាំស្លឹកគ្រៃ ខ្នាតមធ្យមមួយ ដើម្បីដោះស្រាយជីវភាព បូកផ្សំជាមួយការងារជាបុគ្គលិកសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែងក្នុងស្រុក ។ ប៉ុន្តែឥលូវនេះតម្លៃស្លឹកគ្រៃធ្លាក់ចុះនៅសល់ត្រឹម ១ ៥០០រៀល ទៅ ២ ០០០រៀល ប៉ុណ្ណោះក្នុងចំនួន ១០ដុំ (១០ ដុំស្លឹកគ្រៃ) ខណៈដែលកាលពីឆ្នាំមុនៗ អ្នកស្រីអាចលក់បានតម្លៃ ចន្លោះពី២ ៥០០រៀល ទៅ ៣ ០០០រៀល ដោយជានិច្ចកាលលោកស្រីអាចលក់បានលើសពី១០០ដុំក្នុងមួយថ្ងៃ ។https://blogger.googleusercontent.com/img/a/AVvXsEj2kF5edJGlc2LHIAjQ_DRYCWi8xPAkecA59VQPpLcyf9zWvz1H52yHTpYqOGj0vS8p7jHb9VjY1CZXEL9qrKMOYTgOMV1ZiD0Q2SiEO627QchbDEC38bKVGWG6GjIcdmIm4XA735use7Ux-GfSkYd3mYOv3lNLqzW7WmrVfiOUs9lfc1fddgnIneR7=s1280

ប្រភពដដែលបានបន្តថា ក្រុមគ្រួសារអ្នកស្រី ក៏ដូចប្រជាកសិករមួយចំនួនធំ ក្នុងមូលដ្ឋានបានប្រកបរបរដាំស្លឹកគ្រៃនេះអស់រយៈពេលយូរឆ្នាំគួរសមដែរហើយ គ្រាន់តែកាលពីដំបូងដាំជាលក្ខណៈគ្រួសារ ទ្រង់ទ្រាយតូចប៉ុណ្ណោះ ប៉ុន្តែដោយសារមិនមានជម្រើស ហើយសល់ដីទំនេរផងនោះ ក៏សម្រេចចិត្តដាំស្លឹកគ្រៃ បើទោះជាដឹងច្បាស់ហើយថាក្នុងស្រុករបស់អ្នកស្រីមិនមានទីផ្សារ ឬឈ្មួញណាចូលទៅប្រមូលទិញក៏ដោយ ។

ជាមួយគ្នានេះដែរ អ្នកស្រី នី ស្រីម៉ៅ បានអំពាវនាវដល់អជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំខេត្តមេត្តាជួយផ្សព្វផ្សាយ ក៏ដូចជាជួយទាក់ទាញឈ្មួយឱ្យជួយទិញដំណាំស្លឹកគ្រៃរបស់ប្រជាកសិករក្នុងស្រុក ស្ទឹងត្រែង ខេត្តស្ទឹងត្រង់ ផង។ ព្រោះថាពេលនេះ ស្លឹកគ្រៃមិនត្រឹមតែមានតម្លៃថោកទេ ថែមទាំងលក់មិនចេញទៀតផង ហើយបើមានឈ្មួញជួយទិញនោះ ទោះជាតម្លៃស្លឹកគ្រៃ ១គីឡូ ១ ៥០០រៀល ទៅ២ ០០០រៀល ក៏អ្នកស្រី ក៏ដូចជាប្រជាកសិករដទៃព្រមលក់ដែរ ។ អ្នកស្រីបញ្ជាក់ថា មិនត្រឹមតែស្លឹកគ្រៃទេ ដែលគ្មានទីផ្សារ សូម្បីតែរំដេង និងចេក ក៏គ្មានទីផ្សារដែរ ៕