បើយោងទៅតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានអោយដឹងថា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងបានបញ្ជាក់ថា ការចិញ្ចឹមមាន់របស់ប្រជា កសិករក្នុងខេត្ត កំពុងទទួលបានលទ្ធផលល្អនិងមានតម្រូវការទីផ្សារ ដែលមុខរបរនេះ បានជួយសម្រួលដល់ជីវភាពរស់នៅរបស់គាត់បានមួយកម្រិត។

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានឱ្យដឹងថា ប្រជាកសិករនៅក្នុងខេត្ត ស្វាយរៀង បានចាប់យករបរការចិញ្ចឹមមាន់បន្ថែម ក្រោយពីធ្វើស្រែចម្ការរួចរាល់ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានបន្តថា ប្រជាកសិករយើង ចិញ្ចឹមជាបណ្តុំផង និងចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយក្នុងមួយគ្រួសារៗ ចិញ្ចឹមចាប់ពី៣០ទៅ៥០ក្បាល ហើយសម្រាប់មាន់សាច់ អាចលក់ចេញបានក្នុងតម្លៃ១៨០០០រៀល ទៅ២០០០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែក កូន មាន់អាចលក់បានក្នុងតម្លៃពី២០០០រៀល ទៅ៣៥០០រៀល តាមអាយុរបស់វា ។

បច្ចុប្បន្នកសិករបានយល់ដឹងច្រើនពីបច្ចេកទេសនៅក្នុងការចិញ្ចឹមនិងថែទាំ ដែលធ្វើឱ្យការចិញ្ចឹមនេះទទួលបានលទ្ធផលល្អ ដោយពួកគាត់ មិនឱ្យមាន់ស៊ីចំណីពាសវាលពាសកាលដូចពីមុននោះទេ គឺពួកគាត់ចិញ្ចឹមដាក់ក្នុងទ្រុង និងមានទូភ្ញាស់កូនមាន់ត្រឹមត្រូវ ទៅ តាមបច្ចេកទេស។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យកសិករដទៃទៀត គួរតែចាប់អារម្មណ៍ពី មុខរបរចិញ្ចឹមមាន់និងភ្ញាស់កូនមាន់លក់ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ ព្រោះថាការចិញ្ចឹមមាន់ គឺ មានភាពងាយស្រួលក្នុងការចិញ្ចឹម និងអាចរកប្រាក់ចំណូលបានច្រើន ។ ម្យ៉ាងវិញទៀត មុខរបរនេះ វាជួយលើកស្ទួយដល់វិស័យកសិកម្ម ក្នុងប្រទេសកម្ពុជាយើងផងដែរ ៕

ប្រភព: ក្រសួងព័ត៌មាន