រាជធានីភ្នំពេញ: កាលពីសប្តាហ៍កន្លងទៅ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលបានលែងអណ្តើកហ្លួងមួយក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលទៅក្នុងទីជម្រកធម្មជាតិវិញដោយសុវត្ថិភាពតាមដងព្រែកមួយស្ថិតក្នុងខេត្តព្រះសីហនុ។

យោងតាមអង្គការWCS បានឲ្យដឹងថា អណ្តើកហ្លួងនោះមានទម្ងន់ ១៤,៧គីឡូក្រាម ត្រូវអ្នកនេសាទក្នុងភូមិចាប់បានដោយចៃដន្យនៅក្នុងព្រែកស្រែអំបិលកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។
https://blogger.googleusercontent.com/img/a/AVvXsEgPxxBAFPYqRQ43JH9bWWixzRvfpTZkwGhPHvC4ROW9J6eR4XCMZJSSdsmjBCbb6fpzqBInadxfV3iQHZ9G17Pa5LCKYcTo3_RJnCeA8Te6Uxk4Dvads61h5M0wxmO_I8z79JI5_Dtecw_R7LGfRqVn9vnRlbpb6XnWmVDKW1i8yzrblDVFKXLLBQxHBA=s1280

អ្នកនេសាទនោះបានស្គាល់ច្បាស់ថាជាប្រភេទអណ្តើកត្រូវការពារ ហើយក៏បានប្រគល់វាជូនអង្គការWCS នៅថ្ងៃបន្ទាប់។ ការយល់ដឹងនិងចូលរួមក្នុងការងារអភិរក្សរបស់អ្នកនេសាទនោះ ជាលទ្ធផលនៃយុទ្ធនាការអប់រំផ្សព្វផ្សាអំពីការអភិរក្សអណ្តើកហ្លួង និងពិធីលែងអណ្តើកហ្លួងជាច្រើនលើកដែលបានរៀបចំធ្វើឡើងដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផលជាច្រើនឆ្នាំកន្លងមក។
https://blogger.googleusercontent.com/img/a/AVvXsEhUcEd1GQPcy2AkhxhFqVUWYDr9NYDOPOHTHZpoTEm9dhk9BmHRWOSNdAzWj93ipOxuE4ZzjPBH4clHvkEIb63Z2PiKE9b9LUrwlXTIwixojrvVKkm12nKfpzs3u4GSkCMSvhchvngGP8_KDnTL05IcGe1uuQefrv38lavir3sj9Pi30z02nuocpwQVPQ=s1280

យោងតាមទិន្នន័យនៅក្នុងបន្ទះឈីប(Chip)ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារអង្គការWCS អាចស្គាល់អត្តសញ្ញាណច្បាស់លាស់ថា អណ្តើកនោះបានញាស់នៅលើឆ្នេរខ្សាច់ក្នុងប្រព័ន្ធព្រែកស្រែអំបិល និងត្រូវបានបញ្ជូនភ្លាមទៅចិញ្ចឹមថែទាំនៅឯមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងក្នុងឆ្នាំ ២០០៧ និងបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលវិញក្នុងឆ្នាំ២០១៩ដែលពេលនោះវាមានទម្ងន់ ៩គីឡូក្រាម។ ក្រុមការងារក៏បានពិនិត្យឈាមរបស់វាផងដែរ និងរកឃើញថាវាមានប្រូតេអ៊ីនខ្ពស់និងសុខភាពល្អ ដែលនេះបានបង្ហាញអំពីភាពជោគជ័យរបស់កម្មវិធីស្តារប្រភេទអណ្តើកហ្លួងឡើងវិញដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៥មក៕
https://blogger.googleusercontent.com/img/a/AVvXsEhg3wncQrBleMBjcObXQ8yXwGVbApAOGd8gBL36HLQvsFiR0B-HX4tg-BO3787rTTbopjeiZppjMqIjq5-NvDmlDB5EUfHY6pyesn41s-0zirbmqFqXTFzeuqGAJuZj_Fa4GfcwI-UKIUzs30D8Efrm0r44ursJVweO9BUxyYXYTpGTWJojyydbt0XP7A=s1280
https://blogger.googleusercontent.com/img/a/AVvXsEghRXmfEcYAYfdnpZfFQlLUmaf0Hy0dstgiXrTTm56pHAsKuvnvdpsXIekIxjqU_f_O63GKizhH2lIL3koOiNSveH_MnWh0FaG_WyySS06BOrf3yYzm4ijYGKWEYcvCDGOqS2Umcpan6a6uR5rLNoUzUSFEy6OAjEXU_rxJyamxXx94uJKoonOgZZmQDA=s1280