កសិករដាំបន្លែចម្រុះ មួយរូបរស់នៅក្នុងខេត្តឧត្តរ មានជ័យ បានបង្ហាញថា ការដាំបន្លែក្នុងរោងសំណាញ់ បានផ្តល់ភាពងាយស្រួលច្រើន ទាំងការថែទាំ ការប្រើជីនិងចំណេញពេលវេលាជាដើម។ លោក ស្រី ខេម រស់នៅឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានឱ្យដឹងថា លោកចាប់យកមុខរបរដាំបន្លែលក់រយៈពេលជាង១០ ឆ្នាំមកហើយ លើផ្ទៃដីទំហំប្រមាណ១ហិកតា ដោយបានដាំបន្លែចម្រុះជាច្រើន ដូចជា ត្រសក់ ស្ពៃគ្រប់មុខ ត្រប់ និងម្ទេស ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន និងអាចរកប្រាក់ចំណូលបានប្រមាណ ២លានរៀលក្នុងមួយខែ។ លោកបន្តថា ដើមឡើយលោកចេះជំនាញដំាដំណាំនេះតាមបែបយថាផលប៉ុណ្ណោះ ក្រោយមកក៏ទទួលបានការបណ្តុះបណ្តាលជំនាញពីមន្ទីរកសិកម្មខេត្ត និងអង្គការដៃគូនានា តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ទទួលបានរោងសំណាញ់ពីគម្រោងអាស្ប៉ាយ ធ្វើឱ្យលោកកាន់តែមានភាពងាយស្រួល ក្នុងការដាំដុះបន្លែ ជាពិសេសចំណាយដើមទុនតិច ចំណេញច្រើន មិនពិបាកថែទាំ និងមិនចាំបាច់ប្រើ ប្រាស់សារធាតុគីមី ដែលនាំឱ្យប៉ះពាល់ដល់សុខភាពខ្លួន ឯង និងអ្នកទទួលទាន។ លោកបានបញ្ជាក់ដូច្នេះទៀតថា បន្លែដែលដាំក្នុងរោងសំណាញ់ មានការលូតលាស់លឿន មិនមានសត្វល្អិតបំផ្លាញ មិនចំណាយដើមទុនទៅលើថ្នាំពុលឬជីគីមី ងាយស្រួលលក់ចេញ ព្រោះអ្នកបរិភោគចូលចិត្ត តែបន្លែណាដែលមិនមានផលប៉ះ ពាល់ដល់សុខភាពប៉ុណ្ណោះ។សូមជម្រាបផងដែរថា អាស្ប៉ាយជាកម្មវិធីដ៏ល្អមួយ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ និងបង្កើនជីវភាពប្រជាកសិករ កម្មវិធីនេះ ត្រូវបានពង្រីកទៅអនុវត្តនៅក្នុងខេត្តផ្សេងទៀត ជាបន្ត បន្ទាប់។ ចាប់ពីឆ្នាំ២០២០ កម្មវិធីនេះ ត្រូវបានអនុវត្តនៅក្នុងខេត្តទាំង២៤ នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព: ក្រសួងព័ត៌មាន