ប្រទេសថៃ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបបាននិយាយនាថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រទេសថៃនឹងហាមឃាត់មិនឲ្យអ្នកដំណើរមកពីប្រទេសអាហ្វ្រិកចំនួន៨ប្រទេស ឲ្យចូលទឹកដីខ្លួនឡើយ ដែលប្រទេសទាំង៨នេះត្រូវបានកំណត់ថា ជាប្រទេសមានហានិភ័យខ្ពស់នៃកូវីដ១៩ បំប្លែងថ្មីឈ្មោះ  «អូមីក្រុង (Omicron)» ខណៈពិភពលោកកំពុងព្រួយបារម្ភខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost

បញ្ជី​ប្រទេសដែលថៃសម្រេចហាមឃាត់នេះ​គឺ​ដូច​គ្នា​ទៅនឹង​ប្រទេសសហរដ្ឋ​អាមេរិក​ ដែល​សម្រេច​ប្រកាស​ហាម​ឃាត់មិនឲ្យចូលទឹកដីខ្លួនកាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។

ប្រទេសដែលបានហាមឃាត់នោះរួមមានប្រទេស Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe ហើយសេចក្ដីសម្រេចនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាម លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ បាននិយាយនៅក្នុងការបង្ហោះ Facebook នៅព្រឹកថ្ងៃសៅរ៍ថា “ប្រសិនបើមានតម្រូវការបន្ទាន់ណាមួយសម្រាប់រដ្ឋាភិបាលដើម្បីកែសម្រួលវិធានការត្រួតពិនិត្យប្រឆាំងនឹងការប្រែប្រួលថ្មីនេះ ខ្ញុំនឹងបញ្ជាឱ្យភ្នាក់ងារធ្វើសកម្មភាពភ្លាមៗ” ។ យើង​នឹង​តាម​ដាន​យ៉ាង​ដិត​ដល់​ថា​តើវីរុស​ប្រភេទ​ថ្មី​នេះ​នឹង​ប៉ះ​ពាល់​ដល់​ប្រទេស​ថៃ​យ៉ាង​ណា? ៕