យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានអោយដឹងថា វីរុសបំប្លែងខ្លួនថ្មីពីរប្រភេទ ដែលមានឈ្មោះថា B.1.640 ដែលត្រូវបានរាយការណ៍ថារកឃើញនៅសាធារណរដ្ឋកុងហ្គោ និង B.1.1.529 ដែលត្រូវបានរាយការណ៍នៅតាមបណ្តាប្រទេសមួយចំនួន នៅប៉ែកអាហ្វ្រិក ត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធនឹងការគំរាមកំហែងនៃវីរុសទាំងពីរនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពន្យល់ថា ៖ “អ្វីដែលជាការព្រួយបារម្ភសម្រាប់អ្នកវិទ្យាសាស្រ្តនោះ ចំពោះវីរុសប្រភេទថ្មី B.1.1.529 គឺវាអាចមានបម្រែបម្រួលនៅនឹងស្ប៉ៃប្រូតេអ៊ីន (Spike Protein) ទី២២របស់វា។ ហើយបម្រែបម្រួលនេះ នាំឱ្យវីរុសអាចនឹងប៉ះពាល់ដល់លទ្ធភាពនៃកោសិកាដែលត្រូវឆ្លើយតប ឬវ៉ៃបកតទល់ទៅនឹងវីរុសបំប្លែងថ្មីនេះផង ហើយនឹងលទ្ធភាពនៃការរីករាលដាលនៅក្នុងសរីរាង្គផងដែរ។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះ វីរុសប្រភេទ B.1.1529 អាចធ្វើឱ្យកោសិកាការពារខ្លួនមានការពិបាកក្នុងការទប់ទល់នៅពេលវីរុសនេះ បានរាលដាលនៅក្នុងខ្លួនបុគ្គលផងដែរ”។

លោកជំទាវ បានបន្ថែមផងដែរថា ស្ប៉ៃប្រូតេអ៊ីនទី២២ របស់វីរុស គឺភាគច្រើនត្រូវបានអ្នកវិទ្យាសាស្រ្តយកទៅប្រើប្រាស់ជាគោលដើម្បីផលិតជាវ៉ាក់សាំងការពារវីរុសកូវីដ-១៩។ ហេតុដូច្នេះហើយ បានជានេះគឺជាក្តីកង្វល់ ទៅលើការរកឃើញនូវវីរុសប្រភេទនេះ ដោយឡែកអង្គការសុខភាពពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវបែបបទ ឬក៏របៀបរបបនៃវីរុសប្រភេទនេះ ថាតើវាអាចនឹងឆ្លងបានខ្លាំងក្នុងកម្រិតណា អាចធ្វើឱ្យសុខភាពអ្នកជំងឺធ្ងន់ធ្ងរបែបណា និងប៉ះពាល់ដល់ប្រព័ន្ធការពារក្នុងទំហំប៉ុណ្ណា ផងដែរ។

លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងបន្ថែមទៀតថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នឹងតាមដានបញ្ហានេះជាបន្តទៀត ព្រោះថាវីរុសប្រភេទនេះ នឹងធ្វើចរាចរជាមិនខាន នៅពេលដែលមានការចរាចររបស់មនុស្សមកពីគ្រប់ទិសទីច្រើន ដូច្នេះលទ្ធភាពនៃការចម្លងវីរុសប្រភេទនេះប្រាកដជាមាន៕

ប្រភព: ក្រសួងព័ត៌មាន