រាជធានីភ្នំពេញ ៖ បុរសម្នាក់ ខណៈកំពុងឈរនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់ទូរស័ព្ទនោះបានសម្រេច តែត្រូវជនរងគ្រោះដេញតាមធ្វើឲ្យជនសង្ស័យភិតភ័យជិះម៉ូតូគំនរឥដ្ឋដួល ហើយនាំគ្នារត់ចោលម៉ូតូតម្លៃជាង២០០០ដុល្លារបាត់។
ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៤៧ កែងនឹងផ្លូវ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានចេញមកឈរនិយាយទូរស័ព្ទ លុះពេលលោកនិយាយភ្លេចខ្លួនបន្តិច ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូម៉ាកហុងដាស្កុបពីឌុបគ្នាមក ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់លោកម៉ា oppo ដែលមានតម្លៃជាង២០០ដុល្លារ បានសម្រេច ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួន ។ តែពេលនេះ លោកបានជិះម៉ូតូដេញតាម ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោជិះម៉ូតូទៅបុកគំនរឥដ្ឋ បណ្ដាលឲ្យដួលរងរបួសជាទម្ងន់ ហើយជនសង្ស័យនាំគ្នារត់ចោលម៉ូតូដែលតម្លៃជាង២០០០ដុល្លារបាត់។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ យកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុក ដើម្បីចាត់ការតាមផ្លូវច្បាប់៕