វ៉ាស៊ីនតោន៖ វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី​ «B.1.1.529» ដែលទើបបានរកឃើញនៅអាហ្វ្រិកខាងត្បូង ឥលូវនេះត្រូវបាន អង្គការសុខភាពពិភពលោក (WHO) សម្រេចដាក់ឈ្មោះជាផ្លូវការថា «អូមីក្រន់» (Omicron) ។ ការសម្រេចដាក់ឈ្មោះដូចនេះផងដែរ គឺបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបន្ទាន់មួយរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃសុក្រសប្តាហ៍នេះ ។

វីរុសថ្មីនេះផងដែរ អង្គការសុខភាពពិភពលោកបានចាត់ទុកថា ជាវីរុសដែលគួរឱ្យព្រួយបារម្ភបំផុត ហើយវាបានធ្វើឱ្យពិភពលោក ប្រកាសអាសន្នជាថ្មីម្តងទៀត ខណៈប្រទេសកាន់តែច្រើន ដែលមានជើងហោះហើរ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ខ្លះបានរាំងខ្ទប់ការធ្វើដំណើររួចរាល់ និងខ្លះទៀតកំពុងគិតពិចារណា។ មកទល់ពេលនេះ ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតដូចជាបុតស្វាណាជាដើម ទីក្រុងហុងកុងរបស់ចិន, ប្រទេសអ៊ីស្រាអែល និងប្រទេសប៊ែលហ្សិក សុទ្ធតែបានប្រកាសរកឃើញ ករណីឆ្លងដំបូងៗនៃវីរុសបំប្លែងថ្មី Omicron។

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំខាងលើ វេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកគ្រប់គ្រងកម្មវិធីសង្គ្រោះរបស់ WHO បានលើកឡើងថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងទាំងអស់គ្នា មិនត្រូវឆ្លើយ ដោយភាពទន់ជ្រាយ»។ ហើយលោកក៏បានកោតសរសើរផងដែរ ចំពោះក្រុមអ្នកស្រាវជ្រាវនៅ ប្រទេសអាហ្វ្រិកខាងត្បូង ដែលអាចរកឃើញមេរោគបំប្លែងថ្មីរបស់ COVID-19 នេះ។

សាស្ត្រាចារ្យ ឡរិនស៍ យុំាង (Lawrence Young) អ្នកឯកទេសផ្នែកមេរោគ មកពីសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស បានលើកឡើងថា «មេរោគបំប្លែងថ្មី (Omicron) របស់ COVID-19 មួយនេះ គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ វាគឺជាកំណែផ្លាស់ប្តូរយ៉ាងខ្លាំងបំផុតនៃមេរោគ ដែលយើងបានឃើញរហូតមកដល់បច្ចុប្បន្ន»។ បើតាមអ្នកជំនាញរូបនេះ រាល់មេរោគបំប្លែងថ្មី តែងតែមានការចម្លង ខ្លាំងជាងមេរោគបំប្លែងមុនៗ ព្រោះតែការធន់នឹងប្រព័ន្ធភាពសុំា ដែលបង្កើតឡើងដោយវ៉ាក់សាំង និងដោយធម្មជាតិ។

សូមបញ្ជាក់ថា ទោះបីជាក្រុមអ្នកជំនាញនៅតាមប្រទេសនានា បានបង្ហាញការយល់ឃើញ ស្រដៀងៗគ្នាអំពីឥទ្ធិពលនៃវីរុសបំប្លែងថ្មី Omicron ថា អាចចម្លងរហ័សជាង Delta និងមានសមត្ថភាពអាចយកឈ្នះវ៉ាក់សាំងនានា ក្នុងពេលបច្ចុប្បន្នយ៉ាងណាក៏ដោយ ក៏ក្រុមជំនាញរបស់ WHO នៅតែត្រូវការពេលវេលាបន្ថែម ដោយយ៉ាងហោចណាស់ក៏រាប់សប្តាហ៍ទៅមុខទៀតដែរ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថែមទៀត អំពីបម្រែបម្រួលរបស់វា ជាពិសេសទៅលើសមត្ថភាពនៃការចម្លង និងលទ្ធភាពរបស់វ៉ាក់សាំងបច្ចុប្បន្នថាតើអាចទប់ទល់ជាមួយវីរុសថ្មីនេះបានកម្រិត ៕