រាជធានីតូក្យូ៖  ស្របគ្នានឹងបម្រាមរបស់ប្រទេសសិង្ហបុរី និងបណ្ដាប្រទេសនានានោះ ជប៉ុន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏នឹងដាក់បម្រាមដល់អ្នកធ្វើដំណើរ មកពីប្រទេសចំនួន៦ នៅទ្វីបអាហ្វ្រិក ដោយសារតែប្រទេសទាំងនោះ មានការចរាចរណ៍នូវវីរុសបំប្លែងថ្មីដ៏កាចសាហាវខ្លាំងបំផុត ដែលលេខសម្គាល់ B.1.1.529 ត្រូវបានរកឃើញ នៅប្រទេសអាហ្វ្រិកខាងត្បូង។

សារព័ត៌មានជប៉ុន NHK បានចេញផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ​បណ្ដាប្រទេស និង តំបន់ជាច្រើន នៅទូទាំងពិភពលោក កំពុងតែរឹតបន្ដឹងព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយការរកឃើញវីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងលឿន មានប្រភព នៅប្រទេសអាហ្វ្រិកខាងត្បូង។​ រីឯប្រទេសជាសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀង ដាក់កំហិតការថ្វើដំណើរ មកពីប្រទេសចំនួន៧ នៅតំបន់ភាគខាងត្បូង នៃទ្វីបអឺរ៉ុប រួមមាន ប្រទេសអាហ្វ្រិកខាងត្បូង, ប៊ូស្វាណា (Botswana) ណាមីបៀ (Namibia)  និង មូហ្សាមប៊ីក (Mozambique) ជាដើម។​

វីរុសបំប្លែងខ្លួនថ្មី ក៏បានរកឃើញ នៅក្នុងប្រទេសអ៊ីស្រាអែល និង នៅហុងកុង។ ចំណែកអាជ្ញាធរ នៃប្រទេសទាំងនោះ ក៏បានដាក់បម្រាមចូលមកក្នុងប្រទេសរបស់ខ្លួន សម្រាប់​អ្នកដំណើរ ដែលមានប្រវត្ដិថ្មីៗនេះ ធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកទាំ​អស់ លើកលែងតំបន់អាហ្វ្រិកខាងជើង។​​

បើតាមបណ្ដាញសារព័ត៌មានអន្ដរជាតិ បានផ្សាយថា ប្រទេសមួយចំនួន នៅអាស៊ី និង មជ្ឈិមបូព៌ា រួមមាន សិង្ហបុរី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត និងបារ៉ែន នឹងដាក់កំហិតដល់អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង និង បណ្ដាប្រទេស នៅជុំវិញប្រទេសនេះផងដែរ។​

ជាមួយគ្នានេះ អាជ្ញាធររុស្ស៊ី បានបញ្ជាក់ថា ខ្លួន នឹងណែនាំឲ្យមានការរឹតបណ្ដឹងការធ្វើដំណើរ សម្រាប់ជនបរទេសនានា មកពីប្រទេសនានា នៅទ្វីបអាហ្វ្រិក ក៏ដូចជា ហុងកុង ផងដែរ។​

អ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ កាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ​ថា ​ជប៉ុននឹងរឹតបន្តឹងដល់អ្នកធ្វើដំណើរ មកពីប្រទេសចំនួន​៦ នៅទ្វីបអាហ្រ្វិក។ ការហាមឃាត់ដល់អ្នកដំណើរបែបនេះ បានកើតឡើង ក្រោយពេល​វីរុសបំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញ នៅ ប្រទេសអាហ្វ្រិកខាងត្បូង ហើយវាមានលក្ខណៈឆ្លងសាហាវខ្លាំងជាង វីរុស Delta  ដែលរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា។

លោក Hirokazu Matsuno ប្រធានលេខាធិការខុទ្ទកាល័យ បានប្រាប់សន្និសីទសារព័ត៌មានមួយថា អ្នកធ្វើដំណើរ​ មានប្រវត្ដិទើបនឹងទៅប្រទេស Botswana, Eswatini, Lesotho, Namibia, អាហ្វ្រិកខាងត្បូង និង Zimbabwe នឹងតម្រូវឱ្យធ្វើចត្តាឡីស័ក ចំនួន១០ថ្ងៃ នៅក្នុងកន្លែងដែលកំណត់ ដោយរដ្ឋាភិបាល ខណៈពួកគេចូលមកដល់ជប៉ុន។

ក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា មន្រ្ដីជំនាញបានរកឃើញករណីឆ្លងវីរុស កូវីដ​-១៩បំប្លែងខ្លួនថ្មី B.1.1.529 ក្នុងចំនួនតិចតួច។ ប៉ុន្ដែអ្នកវិទ្យាសាស្រ្ដ​កំពុងស្រាវជ្រាវ ឈ្វេងយល់ ពីផលប៉ះពាល់របស់វា។ ដោយឡែក អង្គការសុខភាពពិភពលោក (WHO) ក៏កំពុងសិក្សា ដើម្បីកំណត់ឥទ្ធិពល នៃវីរុសបំប្លែងថ្មីនេះផងដែរ៕