សិង្ហបុរី៖ ស្របពេលចក្រភពអង់គ្លេស និង អ៊ីស្រាអែល រកឃើញ និង ព្រួយបារម្ភកាន់តែខ្លាំង ឡើង ពីវីរុសបំប្លែងខ្លួនថ្មី នៅប្រទេសអាហ្រ្វិកខាងត្បូងនោះ សិង្ហបុរី ក៏បានចេញបម្រាម រឹតបន្ដឹងដល់អ្នកធ្វើដំណើរ មកពីប្រទេសចំនួន៧ នៅទ្វីបអាហ្វ្រិក ចូលមកក្នុងប្រទេសរបស់ខ្លួន។

បើតាមសារព័ត៌មាន CNA បានចេញផ្សាយថា ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានបញ្ជាក់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថា សិង្ហបុរី នឹងរឹតបន្ដឹងដល់អ្នកដំណើរ ដែលមានប្រវត្ដិថ្មីៗ ទៅកាន់ប្រទេសចំនួន៧ នៅ​ទ្វីបអាហ្វ្រិក មិនអនុញ្ញាតឲ្យចូលមកក្នុងប្រទេស។ ការចេញបម្រាមដាក់កំហិតបែបនេះ ក៏ដោយសារ​មានការព្រួយបារម្ភ ពីវីរុសបំប្លែងខ្លួនថ្មី នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រោយ​មានរបាយការណ៍​ថា វីរុសប្រភេទនេះ អាចឆ្លងខ្លាំងជាងកូវីដ-១៩ ហើយបច្ចុប្បន្ន កំពុង​ឆ្លងរាលដាល នៅទីនោះ។​

ក្រសួងសុខាភិបាលសិង្ហបុរី បានបន្ថែមថា គ្រប់អ្នកកាន់លិខិតឆ្លងដែន រយៈពេលវែង​ និង អ្នកទេសចរ រយៈពេលខ្លីទាំងអស់ មាន​ប្រវត្តិធ្វើដំណើរ ក្នុងរយៈពេល១៤​ថ្ងៃចុងក្រោយ ទៅកាន់ប្រទេស Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa និង Zimbabwe នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលមកកាន់សិង្ហបុរី ឬ ឆ្លងកាត់ប្រទេសអាស៊ានមួយនេះ ចាប់ពីវេលាម៉ោង ១១ និង៥៩នាទីយប់ ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្ដែបម្រាមនេះ ក៏បាន​អនុគ្រោះសម្រាប់អ្នកទទួលបានកាអនុញ្ញាតជាអាទិភាព សម្រាប់ចូលមកក្នុងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។​

​ក្រសួងសុខាភិបាលសិង្ហបុរី ​បានបញ្ជាក់ទៀតថា សម្រាប់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ ដែលត្រឡប់មកពីប្រទេសទាំងនេះ នឹងត្រូវ​​ជូនដំណឹង អំពីការស្នាក់នៅផ្ទះ រយៈពេល១០​ថ្ងៃ នៅ​កន្លែងជាក់លាក់ណាមួយ។ បើតាមសេចក្ដីរាយការណ៍  វីរុសបំប្លែងខ្លួនថ្មី នៅអាហ្វ្រិកខាងត្បូង ដែលមានលេខសម្គាល់ B.1.1.529 ​ កំពុងតែឆ្លងរាលដាល នៅក្នុងប្រទេស​ Botswana, Eswatini, Lesotho, Mozambique, Namibia, អាហ្វ្រិកខាងត្បូង និង ​Zimbabwe ៕