ថៃ៖ លោកវេជ្ជបណ្ឌិត Prasit Wattanapha ព្រួយបារម្ភអំពីហានិភ័យនៃការរីករាលដាលជំងឺកូវីដនៅខែធ្នូខាងមុខនេះ  បន្ទាប់ពីជំងឺមួយនេះរាតត្បាតនៅខាងប៉ែកអឺរ៉ុប កាន់តែច្រើនខណៈ អាកាសធាតុ ចុះត្រជាក់ខ្លាំង។

នៅថ្ងៃទី ២៥ ខែវិច្ឆិកា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Prasit Wattanapha នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Siriraj Hospital ក្នុងប្រទេសថៃបានលើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ ថា ស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោកអាចនឹងផ្ទុះឡើងមកសាជាថ្មីម្ដងទៀតក្នុងរដូវរងានេះ ដែលវាមានអាកាសធាតុអំណោយផល និងជាឳកាសងាយស្រួលក្នុងការឆ្លងជំងឺកូវីដនេះផងដែរ  ​ខណៈពេលដែលក្នុងតំបន់ប៉ែកអាស៊ីយើង ទាំងអស់មានការថយចុះនៃជំងឺមួយនេះហើយក្ដី។  ស្របពេលដែលប្រទេសខាងប៉ែកអឺរ៉ុបដែលបានវិលទៅរកការ រីករាតត្បាតនៃជំងឺកូវីដនេះឡើងវិញ ហើយកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ និងកើនឡើងកាន់តែច្រើន ដូចជាក្នុងប្រទេស អូទ្រីស ហូឡង់ ចក្រភពអង់គ្លេស និង អ៊ីតាលីជាដើម។

ដូច្នេះនៅក្នុងកំឡុងពេលនៃរដូវរងាមួយនេះសូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចខ្លួន និងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងការថែរក្សាសុខភាព ព្រមទាំងគោរពនូវវិធានការ ៣កុំ ៣ការពារជាប់ជានិច្ច៕