ភ្នំពេញ ៖ យោងតាមរបាយការណ៍ថ្មី របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួននិស្សិតកម្ពុជា ដែលបានសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក នាឆ្នាំសិក្សា ២០២០-២០២១ មានកំណើនចំនួន ១៤,៣% លើសឆ្នាំកន្លងទៅ។
របាយការណ៍ Open Doors ឆ្នាំ ២០២១ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឲ្យឃើញថា និស្សិតកម្ពុជាចំនួន ៨៤៨ នាក់ បានសិក្សានៅមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក ដោយមានកំណើនលើសពីចំនួន ៧៤២ នាក់ កាលពីឆ្នាំ ២០១៩-២០២០។ កំណើននេះបន្តនូវនិន្នាការជាវិជ្ជមាន ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «យើងមានមោទកភាពដែលមាននិស្សិតកម្ពុជាច្រើនជ្រើសយកការសិក្សានៅក្នុងសហរដ្ឋអាមេរិក។ តាមបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំដឹងថា ការសិក្សានៅបរទេស ផ្តល់អត្ថប្រយោជន៍ច្រើន ធ្វើឱ្យជីវិតមានការផ្លាស់ប្តូរ។ វាជាដំណឹងដ៏រីករាយ ដែលឃើញថានិស្សិតកម្ពុជា ផ្តល់តម្លៃយ៉ាងខ្លាំងដល់ការអប់រំនៅថ្នាក់ឧត្តមសិក្សារបស់អាមេរិក ថាជាមធ្យោបាយដ៏មានសារសំខាន់មួយ ក្នុងការទទួលបាននូវជំនាញថ្មីៗ ចំណេះដឹង និងបទពិសោធន៍ សម្រាប់ជំរុញបន្ថែមនូវការអភិវឌ្ឍក្នុងព្រះរាជាណាចក្រកម្ពុជា»។
សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតចំនួន ៩១៤ ០៩៥ សិក្សា នៅឆ្នាំ ២០២០ ២០២១។ ការរាតត្បាតនៃជំងឺកូវីដ ១៩ ជាចំណែកមួយធ្វើឱ្យចំនួននិស្សិតមានការធ្លាក់ចុះចំនួន ១៥% ពីចំនួននៃឆ្នាំ ២០១៩ ២០២០ តែចំនួននិស្សិតកម្ពុជា ដែលសិក្សានៅក្នុងសហរដ្ឋអាមេរិកមានកំណើនទៅវិញ។
ស្ថានទូតអាមេរិកនៅកម្ពុជា ជំរុញឱកាសសិក្សានៅក្នុងសហរដ្ឋអាមេរិក សម្រាប់ប្រជាជនកម្ពុជា តាមរយៈមជ្ឈមណ្ឌលអប់រំអាមេរិក EducationUSA និង American Spaces មានទីតាំងនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងរាជធានី ភ្នំពេញ។ យើងក៏មានផងដែរ នូវមជ្ឈមណ្ឌលឯកសារឌីជីថលថ្មីមួយទៀតផងដែរ ដែលមានឈ្មោះជាអង់គ្លេសថា AmCam Exchange មានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ភ្នំពេញ។
ការអប់រំអន្តរជាតិ លើកកម្ពស់នូវទំនាក់ទំនងយូរអង្វែង ហើយនិងការផ្លាស់ប្តូរចំណេះដឹង រវាងសហគមន៍ក្នុងសហរដ្ឋអាមេរិក និងប្រទេសនានា នៅទូទាំងសាកលលោក។ និស្សិតអន្តរជាតិធ្វើឱ្យថ្នាក់រៀន សាលារៀន និងសហគមន៍មានភាពចម្រុះច្រើន ហើយភាពចម្រុះនេះបន្តមានយូរអង្វែង បន្ទាប់ពីពួកគេត្រឡប់ទៅមាតុភូមិវិញ។
របាយការណ៍ Open Doors នេះត្រូវបានបោះពុម្ពផ្សាយរាល់ឆ្នាំ ដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយសហការជាមួយការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចំពោះព័ត៌មានលម្អិតស្តីពីការសិក្សាអង្កេតនៃរបាយការណ៍នេះ និងលទ្ធផលនៃការរកឃើញរបស់របាយការណ៍នេះ សូមចូលមើលក្នុងគេហទំព័រ https://www.iie.org/opendoors ។