រាជធានីបាងកក៖  រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលសាធារណៈរបស់​ថៃ បានចាប់ផ្ដើម ចុះកិច្ចព្រមព្រៀង ទិញថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck ដែលមានមូលដ្ឋាន នៅក្នុងសហរដ្ឋអាមេរិក ដើម្បីយកមកព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានសភាពធ្ងន់ធ្ងរ។​

សារព័ត៌មានថៃ «The Nation Thailand» បានចេញផ្សាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែវិច្ឆិកា) បានចុះកិច្ចព្រមព្រៀងទិញថ្នាំលេប Molnupiravir ចំនួន៥០ ០០០បន្ទះ (50,000 Molnupiravir courses) ដើម្បីព្យាបាលជំងឺកូវីដ-១៩។​

លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់ថា ថ្នាំលេប ​Molnupiravir នេះ នឹងត្រូវប្រើប្រាស់ សម្រាប់ព្យាបាលតែអ្នកជំងឺកូវីដ-១៩ ដែលប្រឈមនឹងគ្រោះថ្នាក់វិវឌ្ឍទៅរករោគសញ្ញាធ្ងន់ធ្ងរ។​

លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់ទៀតថា «យើងតម្រង់គោលដៅទិញតែថ្នាំព្យាបាលកូវីដ-១៩ ដែលមានប្រសិទ្ធភាព។ ថ្នាំលេប Molnupiravir របស់ក្រុមហ៊ុន Merck  នៅសហរដ្ឋអាមេរិកនេះ ជួយកាត់បន្ថយហានិភ័យ ពីការបញ្ជូនទៅកាន់មន្ទីរពេទ្យ និង គេចផុតពីមរណភាព។​

លោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយក នៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ត បានពន្យល់ថា ថ្នាំលេបនេះ ក្នុង​បន្ទះនីមួយ (Course) មានចំនួន៤០គ្រាប់។ ​អ្នកជំងឺកូវីដ-១៩​ ត្រូវលេបចំនួន៤គ្រាប់ ​រៀងរាល់១២​​ម៉ោងម្ដង ក្នុង​រយៈពេល៥ថ្ងៃជាប់ៗគ្នា។​ ថ្នាំលេបព្យាបាលកូវីដ-១៩នេះ អាចនឹងត្រូវបញ្ជូនមកកាន់ប្រទេសថៃ ខណៈទទួលបានការអនុម័តឲ្យប្រើប្រាស់ ពីរដ្ឋបាលចំណីអាហារ និង ឱសថរបស់ថៃ (FDA) ។

លោកអគ្គនាយក នៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ត បានបញ្ជាក់ថា «តម្លៃ នៃថ្នាំព្យាបាលជំងឺកូវីដ-១៩នេះ នឹងរួមបញ្ចូលទាំងពន្ធ និងថ្លៃដឹកជញ្ជូន។ ចំណែកលទ្ធកម្ម នឹងធ្វើឡើង ក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន Merck & Co និងយោងតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការគ្រប់គ្រងការផ្គត់ផ្គង់ និងលទ្ធកម្មរបស់រដ្ឋាភិបាលថៃ៕