រាជធានីបាងកក៖ ជនជាតិថៃ មានបញ្ហាស្រ្ដេសច្រើន ហើយគួបផ្សំនឹងប្រទេសអាស៊ានមួយនេះ កំពុងតែប្រឈមមុខនឹង​វិបត្ដិកូវីដ-១៩ចុងក្រោយនេះ  រឹតតែធ្វើឲ្យសម្ពាធផ្លូវចិត្តរបស់ពួកគេ កាន់តែធ្ងន់ធ្ងរឡើង រហូតនាំឲ្យមានអត្រាគ្រោះថ្នាក់ នៃការធ្វើអត្ដឃាត កើនឡើង១០ដង បើធៀបនឹងអំឡុងពេល មុនមានវិបត្ដិសុខភាពជាសកលនេះ។

សារព័ត៌មានថៃ «The National Thailand» បានចេញផ្សាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ​នាយកដ្ឋានសុខភាពផ្លូវចិត្ដរបស់ថៃ ហៅកាត់ «DMH» បានបញ្ជាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា ជនជាតិថៃ មានទំនោរស្រ្ដេសខ្លាំង ជាពិសេស នៅក្នុងអំឡុងរលកកូវីដ-១៩ចុងក្រោយនេះ។ បញ្ហានេះ ធ្វើឲ្យអត្រាគ្រោះថ្នាក់ ពីការសម្លាប់ខ្លួនកើនឡើងខ្ពស់ រហូតដល់១០ដង ​បើធៀននឹងឆ្នាំមុន។​ ចំណែកនាយកដ្ឋាន កំពុងតែបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ ពីការធ្វើអត្ដឃាត ដោយបង្កើនយុទ្ធនាការវ៉ាក់សាំង Jai (វ៉ាក់សាំងបង្ការរោគផ្លូវចិត្ត)។​

លោកស្រីវេជ្ជបណ្ឌិត Amporn Benjapolpitak អគ្គនាយក នៃនាយកដ្ឋានសុខភាពផ្លូវចិត្តថៃ បានបញ្ជាក់ថា ហានិភ័យ នៃការគិតចង់ធ្វើអត្តឃាត ចាប់តាំងពីខែសីហា ឆ្នាំ២០២១ មក បានកើនឡើង ​ពី០,៧-0,៨ភាគរយ ទៅចន្លោះពី​៧-៨ ភាគរយ ​ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ អត្រាដ៏ខ្ពស់នេះ ប្រហាក់ប្រហែលគ្នាទៅនឹង​អត្រារបស់មនុស្សធ្វើអត្តឃាត នៅលើពិភពលោក។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា  ហានិភ័យនេះ នឹងកើនឡើងជាបន្ដបន្ទាប់ នៅក្នុងរយៈពេល៦ខែ បន្ទាប់ពីមាន​វិបត្ដិកូវីដ-១៩។​ ដូច្នេះ នៅក្នុងអំឡុងពេលមួយឆ្នាំនេះ បើគិតចាប់ខែសីហា ឆ្នាំ២០២១ ដល់២០២២​ បញ្ហាត្រូវការតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ ពីការធ្វើអត្ដឃាតនេះ។​

លោកស្រីវេជ្ជបណ្ឌិត  បានផ្តល់យោបល់ថា គំនិតចង់ធ្វើអត្តឃាត អាចកាត់បន្ថយបាន ដោយការចំណាយពេល អប់រំគំនិត ឬផ្លូវចិត្តរបស់មនុស្សម្នាក់ៗ ដោយប្រុងប្រយ័ត្ន និងចៀស​វាងនូវការប្រើប្រាស់គ្រឿងញៀន ឬការប្រើប្រាស់គ្រឿងស្រវឹង។ អ្នកប្រឈមនឹង​ហានិភ័យនេះ ទាមទារឲ្យ​មានទំនុកចិត្ត ដោយសង្ឃឹមថា ស្ថានភាពនឹងល្អប្រសើរឡើងវិញ ខណៈ​ស្វែងរកជំនួយ និងដំបូន្មាន ពីក្រុមគ្រួសារ ឬមិត្តភក្តិ ប្រសិនបើចាំបាច់។​

ទោះជាយ៉ាងណា លោកស្រីវេជ្ជបណ្ឌិត មិនបានបញ្ជាក់ អំពីចំនួនពលរដ្ឋថៃ បានធ្វើអត្ដឃាត នៅក្នុងអំឡុងពេលប្រឈមនឹងវិបត្ដិកូវីដ-១៩ចុងក្រោយនេះឡើយ៕​