រាជធានីបាងកក៖  ប្រជាពលរដ្ឋភូមា បានឆ្លងដែនដោយខុសច្បាប់ ចូលមកទឹកដី​ថៃ ក៏ត្រូវអាជ្ញាធរ នៃប្រទេសនេះចាប់ឃាត់ខ្លួន ជិត២០០នាក់ នៅក្នុងព្រៃ ស្ថិតក្នុងឃុំ Tambon Chong Khaeb ស្រុក Phop Phra  នាខេត្តភាគខាងជើង កាលពីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

​សារព័ត៌មាន Bangkok Post  បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែវិច្ឆិកា) ថា អ្នកឆ្លងដែនខុសច្បាប់ ចំនួន ១៨៤នាក់ បានចេញ មកពីប្រទេសភូមា​ ហើយត្រូវបានចាប់ខ្លួន នៅក្នុងចំណុចខាងលើ។​ ការចាប់ខ្លួនជនចំណាកស្រុក ឆ្លងដែនដោយខុសច្បាប់​នេះ បានធ្វើឡើង ខណៈប៉ូលិស ទាហាន  និងអាជ្ញាធរថៃ កំពុងតែដើរល្បាត។

មន្រ្ដីប៉ូលិសថៃ បានបញ្ជាក់ថា ជនចំណាកស្រុក ទាំង១៨៤នាក់នោះ មានបុរស១១១នាក់ និងស្រ្ដី៧២នាក់។ ពួកគេទាំងអស់ជាជនជាតិមីយ៉ាន់ម៉ា (ឬភូមា) ហើយក៏មានឯកសារពាក់ព័ន្ធការឆ្លងដែននេះ។​ ប៉ុន្ដែក្រោយការពិនិត្យសុខ ស្វែងរកជំងឺកូវីដ-១៩ ប៉ូលិសបានបញ្ជូនទៅកាន់អធិការដ្ឋាន​ប៉ូលិសស្រុក​ Phop Phra ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕​