រុស្សី៖ ប្រទេសរុស្ស៊ីគ្រោងនឹងនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្នុងទម្រង់ជាស្រ្ពាយបាញ់តាមរន្ធច្រមុះ ដោយវ៉ាក់សាំងនេះត្រូវបានគេចម្រាញ់ចេញពីវ៉ាក់សាំងប្រភេទ Sputnik V ដែលគេធ្លាប់ប្រើជាថ្នាំចាក់នាពេលកន្លងមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

បើតាមលោក Kirill Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានបញ្ជាក់ថា គម្រោងនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាប្រភេទស្រ្ពាយបាញ់តាមរន្ធច្រមុះនេះនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំក្រោយ ហើយវ៉ាក់សាំងប្រភេទថ្មីនេះនឹងក្លាយជាជម្រើសល្អបំផុតមួយនៅក្នុងទីផ្សារវ៉ាក់សាំងនៅលើពិភពលោកផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា បើទោះជាក្នុងអំឡុងពេលនេះវ៉ាក់សាំងប្រភេទ Sputnik V ដែលផលិតឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីនៅមិនទាន់មានការទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោកនិងទីភ្នាក់ងារឱសថអឺរ៉ុបក៏ដោយ តែវ៉ាក់សាំងនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយរួចទៅហើយនៅក្នុងប្រទេសរុស្ស៊ី។ ជាក់ស្តែងកាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកាម្សិលមិញនេះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏បានអញ្ជើញទៅវ៉ាក់សាំង Sputnik V សម្រាប់ជាដូសជំរុញរបស់គាត់ផងដែរ ខណៈកាលពី ៦ខែមុនគាត់ធ្លាប់ចាក់វ៉ាក់សាំងប្រភេទចំនួន ២ដូសរួចមកហើយ​ ៕