រាជធានីបាងកក៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឲ្យបញ្ចេញប្រេង ចំនួន៥០លានធុង ចេញពីប្រេងបម្រុងយុទ្ធសាស្រ្ដរបស់ខ្លួន ដើម្បីជួយឲ្យតម្លៃប្រេងចុះថោកនោះ នាយករដ្ឋមន្រ្ដីថៃ ក៏បានចេញបញ្ហាឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈផងដែរ។

បើតាមសារព័ត៌មានថៃ « Bangkok Post» បានចេញផ្សាយថា ​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីថៃ បាន​បញ្ជាឲ្យក្រសួងថាមពល រិះរកវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ។ លោកនាយករដ្ឋមន្រ្ដី បានចេញបញ្ជាបែបនេះ ក្រោយពេលមានជំនួបមួយជាមួយសមាជិកសភាជាតិថៃ​។

ក្រសួង​ថាមពលថៃ ​បាន​បញ្ជាក់​ថា ក្រសួងនឹងដាក់ចេញ​វិធានការ បញ្ចុះតម្លៃប្រេងនេះ អាចនឹង​ដំណើរការ ​នៅ​ខែ​ក្រោយ។ ចំណែក​លោកនាយក​រដ្ឋមន្ត្រី​ ចង់​​ឲ្យមានការ​បញ្ចុះ​តម្លៃ​ប្រេងឲ្យបានឆាប់ ដោយមាន​តម្លៃ ​ក្រោម៣០​បាត (លុយថៃ) ឬស្មើនឹង​០,៩០ដុល្លារសហរដ្ឋអាមេរិក ​ក្នុង​មួយ​លីត្រ​ ។

លោក Supattanapong Punmeechaow រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានបញ្ជាក់ថា ក្រុមហ៊ុន ប្រេងឥន្ធនៈថៃ PTT ​ អាចនឹងបញ្ចុះតម្លៃប្រេងបន្ថែមទៀត។ រីឯក្រុមហ៊ុនផ្សេងៗទៀត ក៏អាចនឹងបញ្ចុះតម្លៃតាមនេះផងដែរ​។

លោក Supattanapong Punmeechaow រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានបន្ថែមថា  អង្គការ នៃប្រទេសនាំប្រេងចូល ហៅកាត់ «OPEC» នឹងបើកិច្ចប្រជុំកំពូលរបស់ខ្លួន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ នឹងសម្រេចទៅលើ​តម្លៃ​ប្រេងរបស់​ពិភពលោក។

បច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈនៅលើពិភពលោក បាន​ចុះថ្លៃ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចបញ្ជាឲ្យបញ្ចេញប្រេង ចំនួន៥០លានបារ៉ែល ឬធុង ចេញពីឃ្លាំងប្រេងបម្រុងយុទ្ធសាស្ដ្ររបស់ខ្លួន។ ស្របគ្នានេះដែរ  ប្រទេសឥណ្ឌា ក៏នឹងបញ្ចេញប្រេងបម្រុងរបស់ខ្លួន ចំនួន៥លានបារ៉ែល ខណៈ​កូរ៉េខាងត្បូង ជប៉ុន និងចិន នឹងប្រកាស អំពីបរិមាណ និងពេលវេលា នៃការបញ្ចេញប្រេងរបស់ខ្លួន នៅក្នុងពេលវេលាសមស្របនេះផងដែរ៕​