កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាផ្លូវការហើយ បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា  “កម្ពុជាពិតជាមានមោទនភាពចំពោះការទទួលបានសិទ្ធិជាផ្លូវការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាពេលនេះ”។

សូមបញ្ជាក់ថា បេសកកម្មអន្តរជាតិ នៅប្រទេសអារ៉ាប់រួមនេះ គណៈប្រតិភូកីឡាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រួមជាមួយឯកឧត្តម ឃួង ស្រេង អមដំណើរដោយឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន ព្រមទាំងមន្ត្រីអមដំណើរមួយចំនួនទៀត៕

ប្រភព: ក្រសួងព័ត៌មាន