សូមមាតា បិតា ឬអាណាព្យាបាល មេត្តាពិនិត្យ សង្កេតមើលកូនចៅរបស់យើង ឲ្យបានដិតដល់បន្តិចផង កុំទុកឲ្យពួកគាត់ នៅឯកោ ប្រសិនបើយើងគិតតែយកបញ្ហារវល់ពីការងាររកស៊ីចិញ្ចឹមជីវិត ហើយនៅតែមិនព្រមតាមដានកូនចៅរបស់យើងទេ ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់ ព្រោះតែពួកគាត់ងប់ងុលនឹងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស ល្បែងតាមអនឡាញ នាសម័យបច្ចេកវិទ្យានេះ។

សម័យបច្ចេកវិទ្យា ការទាក់ទងគ្នា កាន់តែមានភាពងាយស្រួលបំផុត បើប្រៀបទៅនឹងកាលពី៥ឆ្នាំមុន។ បច្ចុប្បន្ន មនុស្សគ្រប់គ្នា មានបណ្តាញទំនាក់ទំនងរបស់ខ្លួនយ៉ាងងាយបំផុត។ ជាមួយភាពងាយស្រួល និងភាពសម្បូរបែបនេះ សារព័ត៌មាន ខេប៊ីអិនរបស់យើងខ្ញុំ ក៏តែងតែសង្កេតឃើញថា៖ បណ្តាញទំនាក់ទំនងតាម Telegram Group Chat របស់ជនខិលខូច ក៏តែងតែ បញ្ចុះបញ្ចូលក្រុមរបស់ខ្លួនឲ្យសាកល្បងលេងល្បែងភ្នាល់គ្រប់ប្រភេទ តាមអនឡាញ មានដូចជា ការចាក់បាល់ បៀការ៉ាត់ ជល់មាន់ ឡូតូ …។ល។ និង ។ល។

ការភ្នាល់ល្បែងស៊ីសង តាមអនឡាញនេះ ពិតជាងាយស្រួលខ្លាំងណាស់ ហើយអ្នកញៀនល្បែងស៊ីសង ក៏មិនចាំបាច់ទៅតម្រង់ជួរ ផ្ញើលុយតាមគេឲ្យទៅចាក់ឲ្យ រួចហើយយកក្រដាស ឬវិក្កបត្រចាក់ ឬភ្នាល់ទូទាត់ល្បែងនោះ យកមកចាក់រក្សាទុក ដូចសម័យមុនឡើយ។ នៅក្នុងយុគសម័យឌីជីថលនេះ មេល្បែងស៊ីសង អាចបង្កើតជា APP ឬ វែបសាយល្បែង ហើយមានកូនកញ្ច្រែង នៅតាមតំបន់នានា សម្រាប់ទាក់ទង ក្នុងការបង្កើតគណនីល្បែងជូនដល់អ្នកញៀនល្បែងស៊ីសង។

ក្រោយពេលបង្កើតកុង គណនីល្បែងស៊ីសងនោះបានហើយ អ្នកញៀនល្បែងអាចបាញ់លុយពីកុងធនគាររបស់ពួកគេ ទៅឲ្យកន្លែងដែលពួកគេបង្កើតកុងនោះ ដើម្បីដាក់លុយចូលទៅនៅកុងនោះ។ ប៉ុន្ដែបន្ទាប់ពីមេល្បែងបញ្ជូលលុយទៅក្នុងកុងរបស់ពួកគេហើយ អ្នកញៀនល្បែងអាចចុចតែទូរស័ព្ទលេងល្បែង នៅទីណាក៏បាន ឲ្យតែមានអ៊ីធើរណេ សូម្បីតែនៅក្នុងមុងក៏ល្បែងទាំងនោះបាន ហើយអាចនឹងអស់លុយរាប់រយ រាប់ពាន់ និងរាប់ម៉ឺន ឬសែនដុល្លារក៏ថាបាន។

ដោយឡែក មាតា បិតា ឬអាណាព្យាបាល មួយចំនួន មិនសូវយល់ពីបច្ចេកវិទ្យា នាសម័យឌីជីថល ក៏មិនបានដឹងអំពីករណីនេះ ហើយឃើញតែកូនចៅ នៅតែក្នុងផ្ទះ មិនដើរទៅទីណា ក៏តែងតែគិតថា កូនចៅរបស់ខ្លួនល្អ។ ប៉ុន្ដែកូនចៅខ្លះ កាន់ទូរស័ព្ទទំនើង ហើយសំងំលេងតែល្បែងសុទ្ធក៏មាន ហើយករណីនេះក៏មិនមែន យើងខ្ញុំនិយាយតែទៅលើបងប្អូនល្អ ដែលបានកាន់ទូរស័ព្ទខិតខំប្រឹងប្រែង ស្រាវជ្រាវ អំពីចំណេះដឹងនោះឡើយ។ សម័យឌីជីថល ការប្រើប្រាស់ទូរស័ព្ទទំនើប សំខាន់ទៅលើអ្នកប្រើប្រាស់ បើប្រើវាដើម្បីប្រយោជន៍ វានឹងទទួលបានប្រយោជន៍ត្រឡប់មកវិញ។ ផ្ទុយទៅវិញ ប្រសិនបើយើងយកវាទៅប្រើប្រាស់ ដើម្បីលេងល្បែង តាមអនឡាញ វានឹងធ្វើឲ្យយើងខាតបង់ទ្រព្យធន។

ជាមួយគ្នានេះ នៅក្នុងអំឡុងពេលកូវីដ-១៩ វាយលុកខ្លាំង បងប្អូនយុវជនមួយចំនួនធំ បានបាត់បង់ការងារ អស់សង្ឃឹម បាក់ទឹកចិត្ត ស្ត្រែស គិតធ្វើអ្វីក៏មិនច្បាស់ ឬក៏មិនត្រូវ …។ល។ ។ ប៉ុន្ដែផ្ទុយទៅវិញ ពិតជាមិនគួរឲ្យជឿឡើយថា ក្រុមភ្នាល់ល្បែងតាមអនឡាញ បែរជាស្វែងរកឱកាសមាស ឱកាសប្រាក់ ឱកាសឆបោកប្រាស់ ឱកាសផ្សាយបញ្ចុះបញ្ចូលឲ្យប្រជាជនខ្មែរចូលលេងហ្គេម មានភាពងាយស្រួល និងឈ្នះៗ ដូច ទេវត្តាប្រទាន!

ក្រុមជនទាំងនោះ តែងតែបញ្ចុះបញ្ចូលថា ធានាមកឈ្នះ ដាក់លុយ ក្នុងគណនី តែបន្តិចបន្តួច ឈ្នះៗ មិនចេះចាញ់ ហាហា…!។ ចម្ងល់សួរទៅវិញថា បើឈ្នះអ៊ីចឹង ម្តេចអ្នកមិនប្រមូលបងប្អូន កូនក្មួយរបស់អ្នក មកលេងល្បែងស៊ីសង តាមអនឡានទាំងពូជតែម្តងទៅ ម្តេចក៏បែរជាយកឱកាសមាស ឱកាសប្រាក់ហ្នឹង មកចែករំលែកមហាជនជាទូទៅអ៊ីចឹងទៅវិញ?

អ្វីដែលក្រុមការងារសារព័ត៌មាន ខេប៊ីអិនឆ្ងល់ថា៖ តើក្រុមភ្នាល់ល្បែងស៊ីសង តាមអនឡាញទាំងនោះ ស្ថិតក្រោមច្បាប់ ហើយមានការចុះបញ្ជិកា នៅក្នុងព្រះរាជាណាចក្រយើងហើយឬនៅ? ប្រសិនបើមិនបានចុះបញ្ជិកាទេ វាពិតជាគួរឲ្យស្តាយថវិកាពន្ធណាស់ ព្រោះប្រាក់ចំណេញទាំងនោះ នឹងរសាត់ទៅបរទេស ហើយវាខាតចំណូលជាតិរាប់ពានលានដុល្លារ ក្នុង១ឆ្នាំៗ។ ចំណែកអ្នកញៀនល្បែង បានសល់ត្រឹមតែគូទខោ។

សារព័ត៌មាន ខេប៊ីអិន យើងខ្ញុំ គ្រាន់តែសូមពញ្ញាក់ស្មារតីបងប្អូន ដែលញៀននឹងល្បែងមួយចំនួនថា មេល្បែង គេមានល្បិច ទើបយកលុយពីយើងបានដោយស្រួល។ បើនិយាយយ៉ាងងាយយល់ និងឆាប់ចាំ «ល្បែង តែងតែមានល្បិច, ឆ្នោត មកពីគេធ្វើឲ្យអ្នកលែង ឆោត» ដូចជា ចាក់ ១ សង៧០ ឬចាក់មួយសង ៦០០ជាដើម។

ជាទីបញ្ចប់ តាសូមផ្តាំកូនក្មួយគ្រប់គ្នា ពាក្យចាស់លោកពោលថា៖ “ ល្បែងតែមានល្បិច ចាក់តិចស៊ីតិច ចាក់ច្រើនស៊ីច្រើន! ចាក់តិចតួច អស់ត្រឹមកង់ម៉ូតូ តែបើចាក់ហែហូរ ដាច់អស់ទាំងផ្ទះសម្បែង ហើយបែកបាក់ប្រពន្ធកូន នាំទុក្ខលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិ»។
បើបានឃើញ បានដឹងហើយ សូមចែករំលែក ដើម្បីឲ្យយុវជន យុវចាស់យើងគ្រប់ៗគ្នា ល្មមភ្ញាក់ខ្លួនឡើង បើគេធ្វើមេយើង គេមិនដែលនៅក្រោមពងឡើយ ចូរចាំទុក! យកពេលទំនេរ ពីការងារ ដាំដុះ ច្រូតកាត់ទៅ រដូវនេះ គឺរដូវប្រមូលផលផង….៕

ដោយ៖ តា KBN