បរទេស៖ វិបត្តិកូវិដ១៩ដែលបានកើតឡើងនៅក្នុងចុងឆ្នាំ២០១៩ នៅឯប្រទេសចិន និងបានរីករាលដាលពាសពេញពិភពលោកក្នុងឆ្នាំ២០២០ បើទោះបីជាពេលនេះមានការចាក់វ៉ាក់សាំង ទូទាំងពិភពលោកហើយក្ដីក៏ជំងឺមួយនេះនៅមិនទាន់បានស្រាកស្រាន្តទៅណានោះទេ រហូតធ្វើឱ្យមនុស្សនៅលើពិភពលោកត្រូវប្រឈមនឹងបញ្ហាសេដ្ឋកិច្ចជាខ្លាំង។ ប៉ុន្តែសម្រាប់មហាសេដ្ឋីទាំងអស់នេះវិញ បញ្ហានេះ មិនបានផ្ដល់ផលប៉ះពាល់សម្រាប់ពួកគេនោះទេ។
យ៉ាងណាមិញបើទោះបីមានមនុស្សពាសពេញពិភពលោកបានប្រឈមមុខជាមួយនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរក៏ពិតមែនតែសម្រាប់មហាសេដ្ឋីនៅលើពិភពលោកយើងនេះវិញបែរជាពួកគេមិនមានបញ្ហាដូចជាអ្វីដែលយើងបានគិតនោះឡើយ ។ដោយពួកគេរឹតតែមានចំណូលចូលទ្វេដង ក្នុងនោះមានលោក Jeff Bezos ជាកំពូលមហាសេដ្ឋីលេខមួយនៅលើពិភពលោកនិងជាស្ថាបនិក Amazon ដែលមានទ្រព្យសម្បត្តិ ១.៧៧ សែនលានដុល្លារ ចំណែកឯមហាសេដ្ឋីទីពីរគឺលោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង Spacex ដែលមានទ្រព្យសម្បត្តិ ១.៥១ សែនលានដុល្លារ។
ទីបីលោក Bernard Arnault មានទ្រព្យសម្បត្តិ ១.៥០ សែនលានដុល្លារ និងមហាសេដ្ឋីទីបួន លោក Bill Gates ដែលមានទ្រព្យសម្បត្តិ ១.២៤ សែនលានដុល្លារ ហើយមហាសេដ្ឋីទីប្រាំនោះគឺលោក Mark Zuckerberg ដែលមានទ្រព្យសម្បត្តិ ៩.៧ ម៉ឺនលានដុល្លារ និងមានមហាសេដ្ឋីជាច្រើនផ្សេងទៀតផងដែរ។ មិនតែប៉ុណ្ណោះអ្វីដែលរឹតតែគួរចាប់អារម្មណ៍ និង គួរឱ្យកត់សម្គាល់នោះគឺមានអ្នកជាប់ចំណាត់ថ្នាក់ក្លាយជាមហាសេដ្ឋីកាន់តែច្រើនឡើងៗ នៅលើរពិភពលោកសម្រាប់ឆ្នាំនេះ ដោយចំនួនមហាសេដ្ឋីឆ្នាំ ២០២១នេះ មានរហូតទៅដល់ ២,៧៥៥នាក់ ដែលលើលពីឆ្នាំមុនរហូតទៅដល់ ៦៦០នាក់បន្ថែមទៀត។ នេះបញ្ជាក់ថាជំងឺកូវីដពិតជាមិនមែនជាឧបសគ្គ ឬ ជាបញ្ហារំខានសម្រាប់មុខជំនួញរបស់មហាសេដ្ឋីទាំងអស់នោះទេ៕