សត្វត្រយងយក្សជាបក្សីនិមិត្តរូបនៃព្រះរាជាណា ចក្រកម្ពុជា ខណៈដែលសត្វប្រភេទនេះ បានស្ថិតក្នុងស្ថាន ភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក ដែលទាមទារឱ្យមានការចូលរួមថែរក្សា អភិ រក្សប្រភេទសត្វនេះ ឱ្យនៅគង់ វង្សយូរអង្វែង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ លេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាទី ជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្សដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជាមានមោទនភាពដែលមានសត្វកម្រនេះ ហើយចាំ បាច់យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះ ឱ្យបានគង់ វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល ។ ឯកឧត្តមបន្តថា ជាមួយកម្ម វិធីថែរក្សាសំបុកសត្វ កម្រៗនានាគាំទ្រដោយអង្គការដៃគូ នៅឆ្នាំ២០២១ នេះ សំបុកពងកូនរបស់សត្វត្រយងយក្សជា ច្រើនក្នុងតំបន់ការពារធម្មជាតិ ត្រូវបានរកឃើញ និងថែរក្សាដើម្បីឱ្យពងញាស់ និងកូន សត្វត្រយងលូតលាស់ ធំធាត់រហូតអាចហើររកស៊ីដោយខ្លួន ឯង ។ ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយងយក្សនេះក្នុងធម្មជាតិមុនគេលើពិភពលោក។ យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោកមានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩% នៃសត្វត្រយងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយងយក្សពេញ វ័យមានក្រោម ២០០ ក្បាល ។ សូមបញ្ជាក់ថា នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត៕

ប្រភព: ក្រសួងព័ត៌មាន