រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលចិនបានបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងរួច មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក បានសម្ដែងនូវការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការប្រកួតប្រជែងគ្រឿងសព្វាវុធ នៅក្នុងសង្រ្គាមត្រជាក់សាជាថ្មី។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក បានថ្លែងថា ការសាកល្បងកាំជ្រួច មានល្បឿនលឿនជាងសំឡេងរបស់ចិន នៅជិតនឹងផ្កាយរណបរបស់សូវៀត បានបាញ់បង្ហោះ ហើយបញ្ហានេះនាំឲ្យមានការប្រកួតប្រជែងគ្រឿងសព្វាវុធ នៅក្នុងសង្គ្រាមត្រជាក់។

លោកឧត្ដមសេនីយ៍ Mark Milley ប្រមុខកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិក បានថ្លែង នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្ដាញទូរទស្សន៍ Bloomberg ថា យោធាចិនកំពុងតែបង្កើនសកម្មភាពយ៉ាងឆាប់រហ័ស ពាក់ព័ន្ធនឹងមីស៊ីលល្បឿនលឿនជាងសំឡេង។

សារព័ត៌មាន Finacial Times បានរាយការណ៍ នៅខែតុលា ឆ្នាំ២០២១ ថា ការបាញ់សាកល្បងកាំជ្រួចមានល្បឿនលឿនជាងសំឡេងរបស់ចិន បានធ្វើឲ្យសហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្ដែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលសេចក្ដីរាយការណ៍នោះ។ ចិនបានអះអាងថា ខ្លួនមិនមានការបាញ់សាកល្បងមីស៊ីលណាមួយនោះទេ ប៉ុន្ដែចិនគ្រាន់តែបាញ់បង្ហោះយានអវកាសតែប៉ុណ្ណោះ។

លោកឧត្ដមសេនីយ៍ Mark Milley ប្រមុខកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ថា «អ្វីដែលយើងបានឃើញ វាជាព្រឹត្ដិការណ៍មួយដ៏សំខាន់ខ្លាំងណាស់ ចំពោះការសាកល្បងប្រព័ន្ធសព្វាវុធ មានល្បឿនលឿនជាងសំឡេង ហើយវាក៏ជាការគួរឲ្យព្រួយបារម្ភបំផុត។ យើងនឹងតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត»។

ការធ្វើអត្ថាធិប្បាយរបស់មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក ជាការទទួលស្គាល់ផ្លូវការលើកដំបូង ដោយសហរដ្ឋអាមេរិក ចំពោះការអះអាងថា ចិនបានធ្វើតេស្តមីស៊ីល ចំនួនពីរលើក កាលពីរដូវក្តៅ។ របាយការណ៍ បានបង្ហាញថា ការសាកល្បងគ្រឿងសព្វាវុធរបស់ចិន ជាមីស៊ីល មានសមត្ថភាពអាចបំពាក់អាវុធនុយក្លេអ៊ែរ ដែលអាចគេចពីប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក៕