រដ្ឋធានីប្រេស៊ីលៀ (Brasilia) ៖ រហូតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋប្រេស៊ីល ៦០៦ ២៩៣នាក់ បានបាត់បង់ជីវិត ដោយជំងឺកូវីដ-១៩ ហើយការស្លាប់ពលរដ្ឋដ៏ច្រើនបែបនេះ បានជំរុញឲ្យក្រុមសមាជិកព្រឹទ្ធសភា នៃប្រទេសអាមេរិកឡាតាំង បានចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងលោកប្រធានាធិបតី Jair Bolsonaro ជុំវិញការគ្រប់គ្រងជំងឺមិនបានល្អរបស់គាត់។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ថា ក្រុមសមាជិកព្រឹទ្ធសភាប្រេស៊ីល បានបោះឆ្នោត ដើម្បីផ្ដល់អនុសាសន៍ ចោទប្រកាន់លើលោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ជុំវិញការគ្រប់គ្រងរបស់គាត់មិនបានល្អ នាំឲ្យមានគ្រោះមហន្ដរាយ ពីជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

ប្រធានាធិបតីប្រេស៊ីល ក៏ជាមនុស្សប្រកាន់អស្មិមានះម្នាក់ មិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បើទោះជាលោកធ្លាប់ឆ្លងជំងឺដ៏កាចសាហាវនេះក្ដី។ លោក Jair Bolsonaro នៅតែប្រកាន់ចរិតរឹងរូសថា លោកនឹងក្លាយជាពលរដ្ឋប្រេស៊ីល ចុងក្រោយ មិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

ដោយឡែក សមាជិកព្រឹទ្ធសភាខ្លះ បានបោះឆ្នោតគាំទ្រ ជំរុញឲ្យមានការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងលោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ដោយរួមទាំងបទឧក្រិដ្ឋ ប្រឆាំងនឹងមនុស្សជាតិផងដែរ។ ការចោទប្រកាន់បែបនេះ បានកើតឡើង ក្រោយពេលពលរដ្ឋប្រេស៊ីល ជាង ៦០០ ០០០នាក់ បានបាត់បង់ជីវិត ដោយជំងឺកូវីដ-១៩។

លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល បានយល់ខុស ដោយគិតថា ជំងឺកូវីដ-១៩នេះ ជាជំងឺផ្ដាសាយធម្មតា ខណៈប្រទេសប្រេស៊ីល ទើបនឹងមានអ្នកឆ្លងជំងឺកូវីដ-១៩ មិនដល់៥០០នាក់។ នៅពេលនេះ លោកប្រធានាធិបតីប្រេស៊ីល បានដើរធ្វើបាតុកម្មជាមួយក្រុមអ្នកគាំទ្ររបស់លោក ដើម្បីឲ្យអាជ្ញាធរ នៅតាមរដ្ឋផ្សេងៗ បើកដំណើរការសេដ្ឋកិច្ច ខណៈអភិបាលរដ្ឋទាំងនោះបិទរដ្ឋរបស់ពួកគេ ហើយជឿតាមការណែនាំរបស់រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ចាត់ទុកជំងឺកូវីដ-១៩ មិនមែនជាជំងឺផ្ដាសាយ ព្រោះវាជាជំងឺផ្លូវដង្ហើមមួយដ៏កាចសាហាវបំផុត។ ដោយសារតែកើតជម្លោះពីការខ្វែងគំនិតគ្នាបែបនេះ លោកប្រធានាធិបតីប្រេស៊ីល ក៏បានបណ្ដេញរដ្ឋមន្រ្ដីក្រសួងសុខាភិបាលរូបនោះ ចេញពីតំណែង ហើយលើករដ្ឋមន្រ្ដីថ្មី។

កំហុសឆ្គង និងការយល់ច្រឡំរបស់ប្រធានាធិបតីប្រេស៊ីល លើជំងឺកូវីដ-១៩ ដោយចាត់ទុកជាជំងឺផ្ដាសាយធំធម្មតា ទើបធ្វើឲ្យប្រេស៊ីល មានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅលើពិភពលោក។ បើគិតត្រឹម ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ប្រេស៊ីល មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២១,៧លាននាក់ ហើយក្នុងនោះ ក៏មានអ្នកបាត់បង់ជីវិត ៦០៦ ២៩៣នាក់ និង មានអ្នកជាសះស្បើយ ជាង២០,៩លាននាក់ផងដែរ។

ទោះជាយ៉ាងណា គេមិនទាន់ធានាថា ការបោះឆ្នោតនេះ នឹងនាំឱ្យមានការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌពិតប្រាកដនោះដែរ ព្រោះថា ការណែនាំ នៅក្នុងរបាយការណ៍នេះ នឹងត្រូវវាយតម្លៃ ដោយលោក Augusto Aras អគ្គរដ្ឋអាជ្ញាប្រេស៊ីល បន្ថែមទៀត៕