នៅក្នុងសង្គមមនុស្ស បើយើងសង្កេតមើលបន្តិចនោះអ្នកនឹងដឹងថាស្រ្តីនៅលើពិភពលោកយើងនេះមានភាពលំអៀងទៅលើមនុស្សស្រីដែលមានភាពស្រស់ស្អាត ​និងស្រ្តីដែលមានមុខមាត់មិ​នស្រស់ស្អាត ។

ជាទូទៅ នារីដែលមានសម្រស់ស្រស់ស្អាតតែងតែទទួលនូវការយកចិត្តទុកដាក់ និង ឡើកតម្កើងពីសំណាក់មនុស្សនៅជុំវិញខ្លួន ច្រើនជាងនារីដែលមានមុខមាត់មិនសូវស្អាត មិនថានៅកន្លេងការងារ ឬទំនាក់ទំនងផ្សេងៗនោះទេ។ ដែលនេះជាមូលហេតុបណ្ដាលឱ្យក្លាយទៅជាសម្ពាធជាខ្លាំង រហូតបានធ្វើឱ្យពួកគេព្យាយាមកែកុននូវរូបសម្រស់ខ្លួនឯង ដោយត្រូវចំណាយលុយកាក់ ពេលវេលា ការឈឺចាប់ ដើម្បីទៅធ្វើការវះកាត់ផ្លាស់ប្ដូរជាមួយរូបរាងដើមរបស់ខ្លួនឯងដើម្បីផ្គាប់ភ្នែករបស់អ្នកដ៏ទៃ ព្រោះតែយល់ថានេះជាភាពស្រស់ស្អាតយ៉ាងពិតប្រាកដរបស់ស្រ្តី។

តាមពិតទៅភាពស្រស់ស្អាត​ របស់នារីគឺវាមិនមែន​ស្ថិតនៅលើរូបសម្រស់តែមួយមុខគត់នោះទេ តើអ្នកធ្លាប់សង្កេតមើលទេថាបុរសៗ គឺចូលចិត្តមើលស្រីស្អាត តែពេលដែលគេជ្រើសរើសប្រពន្ធបែរជាយកនារីមានមុខមាត់សាមញៗ និងអ្នកខ្លះក៏បានបោះបង់គូស្នេហ៍ដែលមានសម្រស់ស្រស់ស្អាតដើម្បីនារីម្នាក់ដែលមានសម្រស់មិនស្អាត។

ដូច្នេះតើភាពស្រស់ស្អាតពិតប្រាកដរបស់ស្រ្តីស្ថិតនៅត្រង់ណា?

មនុស្សស្រីដែលស្រស់ស្អាតគឺមិនស្ថិតលើរូបសម្រស់ខាងក្រៅទាំងស្រុងនោះទេវាគ្រាន់តែជាផ្នែកមួយនៃរូបរាងកាយខាងក្រៅ ហើយវាក៏ត្រូវបាត់បង់ទៅវិញតាមពេលវេលា និងបាត់បង់ទៅនៅថ្ងៃណាមួយមិនខាន។ ដូចនេះសម្រស់ដែលមិនចេះសាបសូន្យ មានភាពទាក់ទាញ មើលមកឃើញស្រស់ស្អាតពីខាងក្នុង និងនៅក្បែរមិនជិនណាយ នោះគឺ ភាពទន់ភ្លន់ ភាពស្មោះត្រង់ ផ្ដល់ភាពរីករាយ និងរុសរាយរាក់ទាក់សម្រាប់មនុស្សជុំវិញខ្លួនញញឹមយច្រើន ហើយក៏ជាមនុស្សស្រីតែងស្វែងរកចំណេះដឹងថ្មីៗ ជាពិសេសការអានសៀវភៅ ចុងក្រោយនារីដែលស្រស់ស្អាតគឺជាមនុស្សស្រីដែលមានទំនុចចិត្តលើខ្លួនឯង៕