រដ្ឋធានីខាទូម៖ រហូតមកដល់ពេលនេះ ចំនួនអ្នកបាត់បង់ជីវិត និងរងរបួស កាន់តែកើតឡើងច្រើន ក្រោយពេលលោកឧត្ដមសេនីយ៍ Abdel Fattah Burhan ដឹកនាំកងទ័ពធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលបណ្ដោះអាសន្ន ហើយចាប់ខ្លួននាយករដ្ឋមន្រ្ដីស្ដីទី និង គណៈរដ្ឋមនន្រ្ដីរបស់គាត់ ដាក់ឃុំខ្លួន នៅក្នុងផ្ទះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន AL Jazeera បានផ្សាយថា ក្រោយការធ្វើរដ្ឋប្រហារយោធានោះមក ពលរដ្ឋស៊ូដង់រាប់ម៉ឺននាក់ បានចេញមកតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនេះ។ ចំណែកពួកយោធាបានបាញ់ប្រហារគ្រាប់ពិតទៅលើក្រុមបាតុករអហិង្សា បណ្ដាលឲ្យមនុស្សយ៉ាងតិច៧នាក់ស្លាប់ និង១៤០នាក់ផ្សេងទៀត រងរបួស។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា លោក Abdallah Hamdok នាយករដ្ឋមន្រ្ដីស្ដីទីស៊ូដង់ និង រដ្ឋមន្រ្ដីជាច្រើនរូបផ្សេងទៀត ត្រូវបានពួកយោធា ចាប់ឃុំខ្លួន នៅក្នុងផ្ទះ។ បន្ទាប់មក ពួកយោធាស៊ូដង់ បានប្រកាសរំលាយរដ្ឋាភិបាលស៊ីវិល។ ការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលបែបនេះ បានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំង ពីពលរដ្ឋស៊ូដង់។

លោកឧត្ដមសេនីយ៍ Abdel Fattah Burhan មេដឹកនាំរដ្ឋប្រហារយោធា នៅស៊ូដង់ បានស្ដីបន្ទោសទៅលើជម្លោះនយោបាយ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ទើបពួកយោធា ចេញមកធ្វើសកម្មភាពបែបនេះ។ មេដឹកនាំយោធា និងស៊ីវិល បានកើតមានជម្លោះនឹងគ្នា ក្រោយការដួលរលំ នៃរបបគ្រប់គ្រងដ៏យូររបស់លោក Omar al-Bashir នៅស៊ូដង់ កាលពីពីរឆ្នាំមុន ហើយរដ្ឋាភិបាលអន្តរកាល ក៏បានបង្កើតឡើង។

លោក Jeffrey Feltman បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាហ្រ្វិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើរដ្ឋប្រហារនេះ។ អំពើរដ្ឋប្រហារនេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីមេដឹកនាំពិភពលោក ហើយសហរដ្ឋអាមេរិក ក៏បានសម្រេចផ្អាកជំនួយ មានទឺកប្រាក់ រហូតដល់៧០០លានដុល្លារផងដែរ។

លោក Mohamed Osman ជាអ្នកសារព័ត៌មានរបស់ BBC ភាសាអារ៉ាប់ បានរាយការណ៍ ពីរដ្ឋធានីខាទូម ថា ហ្វូងបាតុករ កាលពីរាត្រី ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញមកតាមដងផ្លូវនានា នៅក្នុងរដ្ឋធានី នៃប្រទេសស៊ូដង់ និងទីក្រុងផ្សេងៗទៀត។ ក្រុមបាតុករ បានទាមទារឲ្យវិលត្រឡប់ មករករបបគ្រប់គ្រងជាស៊ីវិលវិញ៕