រាជធានីបាងកក៖ ក្រុមអ្នកបើកបររថយន្ដដឹកទំនិញធំៗ កាលពីពេលថ្ងៃៗនេះ បាននាំគ្នាបើករថយន្ដរបស់ពួកគេ មកសំចតនៅលើដងផ្លូវ ហើយនាំគ្នាតវ៉ា ប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ទនៈ។

សារព័ត៌មាន The Nation បានចេញផ្សាយ កាលពីថ្មីនេះ ថា សមាគមដឹកជញ្ជូនផ្លូវគោករបស់ថៃ បានប្រកាសថា រថយន្ដធុនធំប្រហែល១០ភាគរយ បានផ្អាកប្រតិបត្ដិការរបស់ពួកគេ ប្រឆាំងនឹងតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃ ក្នុង១លីត្រតម្លៃ៣០បាត (ឬស្មើនឹង០,៩០ដុល្លារ) ឬស្មើនឹង ៣៥៥០រៀល (លុយខ្មែរ) ខណៈពីមុនមានតម្លៃត្រឹមតែ២៥បាត ឬស្មើនឹង៣ ០៤១រៀល។

សមាគមដឹកជញ្ជូនតាមផ្លូវគោករបស់ថៃ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្ដិករ និងអ្នកបើកបររថយន្ដដឹកទំនិញធំៗ ជាង២០០ ជាសមាជិកសមាគម នៅក្នុងខេត្តChonburi, Sisaket, Amnat Charoen និងខេត្ត Ubon Ratchathani បានប្រមូលផ្ដុំគ្នា នៅតាមផ្លូវសំខាន់ៗ នៅក្នុងតំបន់ភាគខាងជើង ខាងត្បូង និងភាគឦសាន ប្រទេសថៃ ដើម្បីតវ៉ាទៅកាន់រដ្ឋាភិបាល ជុំវិញតម្លៃប្រេងឡើងថ្លៃ។ ពួកគេបានទាមទារឲ្យរដ្ឋាភិបាល បន្ធូរបន្ថយតម្លៃប្រេង ក្នុង១លីត្រ មកនៅត្រឹម២៥បាតវិញ ហើយបន្ថយពន្ធ ចំនួន៥បាត ក្នុងមួយលីត្រ និងលុបចោលការប្រមូលមូលនិធិថាមពល សម្រាប់អំឡុងពេល១ឆ្នាំនេះ៕