រាជធានីតូក្យូ៖ ក្រោយពេលទទួលរងព្យុះភ្លៀង ពីការរិះគន់ ធ្វើឲ្យមានការឈឺចាប់ អស់រយៈពេលជាច្រើនឆ្នាំកន្លង ជុំវិញរឿងរ៉ាវស្នេហារបស់ព្រះនាង និងម្ចាស់បេះដូងជារាស្រ្ដសាមញ្ញ ហើយតែនៅទីបំផុត ម្ចាស់ក្សត្រី ជប៉ុន Mako បានសម្រេចតាមព្រះបំណង ហើយនឹងរៀបចំអភិសេកជាមួយអតីតមិត្តរួមថ្នាក់របស់ព្រះនាង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បើទោះជាម្ចាស់ក្សត្រី ត្រូវលះបង់ឋានៈ នៅក្នុងសែរាជវង្សក៏ដោយ។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ថា ម្ចាស់ក្សត្រីជប៉ុន Mako បានរៀបចំអភិសេកជាមួយនឹងម្ចាស់ហទ័យរបស់ព្រះនាង គឺលោក Kei Komuro ។ ការរៀបការជាមួយនឹងបុរសសាមញ្ញបែបនេះ ធ្វើឲ្យព្រះនាង បាត់បង់ង់ឋានៈ នៅក្នុងសែរាជវង្សផងដែរ។

ម្ចាស់ក្សត្រី Mako បានកាត់ចោលពិធីអភិសេករបស់រាជវង្ស ហើយព្រះនាងថែមទាំង បានបដិសេធទទួលយកប្រាក់ ដែលត្រូវផ្តល់ជូន ចំពោះក្សត្រីដែលត្រូវចាកចេញពីរាជវង្ស នៅពេលព្រះនាងចាកចេញពីគ្រួសាររាជវង្ស។ ម្ចាស់ក្សត្រី Mako ក្លាយជាម្ចាស់ក្សត្រីជប៉ុនលើកដំបូង លុបចោលទាំងពិធីអភិសេករបស់រាជវង្សជប៉ុន និង មិនទទួលប្រាក់ ជាង១,៣លានដុល្លារ ដល់ក្សត្រីអង្គណា មានស្វាមីជាជនសាមញ្ញា ហើយត្រូវចាកចេញពីសែរាជវង្ស។

បើតាមទីភ្នាក់ងារគ្រួសារអធិរាជជប៉ុន បានឲ្យដឹងថា ក្រោយពេលមានរឿងចម្រួងចម្រាសយ៉ាងច្រើន អស់រយៈពេលជាយូរឆ្នាំមកនេះ ព្រះមាតាបិតារបស់ម្ចាស់ក្សត្រីជប៉ុន Mako ក៏បានកំណត់យកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជាពិធីមង្គលរៀបចំអភិសេកម្ចាស់ក្សត្រី ជាមួយនឹងលោក Komuro ជារាស្រ្ដសាមញ្ញ ដែលជាអតីតមិត្តរួមថ្នាក់របស់ព្រះនាង។

បើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានផ្សាយ នាពេលកន្លងមក ថា ទីភ្នាក់ងារគ្រួសារអធិរាជជប៉ុន បានបញ្ជាក់ថា បណ្ដាញផ្សព្វផ្សាយជាច្រើន បានរាយការណ៍ហួសហេតុ ជុំវិញរឿងរ៉ាវស្នេហារបស់ម្ចាស់ក្សត្រី Mako ដោយមានព្រះបិតា ព្រះនាម Fumihito ជារាជទាយាទ និងគ្រួសាររបស់លោក Komuro ជារាស្រ្ដសាមញ្ញ អស់រយៈពេលច្រើនឆ្នាំមកហើយ។ ការផ្សព្វផ្សាយបែបនេះ បានធ្វើឱ្យម្ចាស់ក្សត្រី Mako ទទួលរងនូវជំងឺស្ត្រេស ក្រោយមានការប៉ះទង្គិចផ្លូវចិត្ត។ សូម្បីតែម្ដាយធំ Masako ជាអធិរាជិនី នៃអធិរាជជប៉ុន Naruhito ជាព្រះជេដ្ឋារបស់ព្រះបិតារបស់ម្ចាស់ក្សត្រី Mako ក៏ទ្រង់ប្រឈួននឹងរឿងនេះដែរ។

ម្ចាស់ក្សត្រី Mako និងម្ចាស់ចិត្តរបស់ព្រះនាង មុនដំបូង បានកំណត់ពេលរៀបការ នៅក្នុងឆ្នាំ២០១៨។ ប៉ុន្ដែគម្រោងរៀបចំអាពាហ៍ពិពាហ៍នោះ ត្រូវបានផ្អាកទៅវិញ ដោយសារតែមានរបាយការណ៍ថា គ្រួសាររបស់លោក Komuro ជាម្ចាស់បេះដូងរបស់ព្រះនាង ត្រូវជួបនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ក្រោយពេលរៀបការរួចហើយ គូស្នេហ៍ រវាងសែរាជវង្សអធិរាជជប៉ុន និងរាស្រ្ដសាមញ្ញនេះ នឹងដឹកដៃគ្នាទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាកន្លែងដែលលោក Komuro ធ្វើការជាមេធាវី។

ម្ចាស់ក្សត្រី Mako និងម្ចាស់បេះដូងរបស់ព្រះនាង បានជួបគ្នាគ្រាដំបូង នៅក្នុងឆ្នាំ២០១២ ខណៈនៅជានិស្សិត នៃសាកលវិទ្យាល័យគ្រីស្ទៀនអន្ដរជាតិ (International Christian University) នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្រោយពេលជួប និងមានទំនាក់ទំនងគ្នា ក្នុងនាម ជាអ្នករួមថា្នក់ជាមួយនោះ ម្ចាស់ក្សត្រី និងលោក Komuro ក៏បានចងចិត្តប្រតិព័ទ្ធនឹងគ្នា រហូតដកចិត្តចេញវិញមិនរួចរៀងៗខ្លួន។

រហូតមកដល់ឆ្នាំ២០១៧ គូស្នេហ៍ទាំង២នេះ ក៏បានភ្ជាប់ពាក្យ ហើយកំណត់ថ្ងៃរៀបការ នៅឆ្នាំបន្ទាប់។ ប៉ុន្ដែក្រោយមក មានព័ត៌មានថា ម្ដាយរបស់លោក Komuro បានប្រឈមមុខនឹងវិបត្ដិហិរញ្ញវត្ថុយ៉ាងខ្លាំង ស្របពេលព្រះរាជវាំងជប៉ុន មិនព្រមឲ្យពន្យារពេល ក្នុងការរៀបចំអភិសេក។ បើទោះជារាជទាយាទ Fumihito បិតារបស់ព្រះនាង បានមានបន្ទួលថា បញ្ហាប្រាក់ ជារឿងសំខាន់ ត្រូវដោះស្រាយ មុនពេលពួកគេរៀបការ។

បើតាមច្បាប់អធិរាជជប៉ុន ដែលមានអាយុរាប់សតវត្សកន្លងមកហើយ ចែងថា រាជបល្ល័ង្ក ត្រូវតែប្រគល់ថ្វាយតែសម្រាប់ក្សត្រជាបុរស សម្រាប់គ្រងរាជសម្បត្ដិតែប៉ុណ្ណោះ។ ដោយឡែកសែរាជវង្សអធិរាជជប៉ុន ដែលរៀបអភិសេកជាមួយរាស្រ្ដសាមញ្ញ ត្រូវតែបោះបង់ចោលឋានៈរបស់ខ្លួន នៅក្នុងរាជវង្ស។ ជាមួយគ្នានេះ ម្ចាស់ក្សត្រី Mako បានច្រានចោលប្រាក់ទូទាត់ការលះបង់សែរាជវង្សរបស់ព្រះនាង ចំនួន១៥០លានយេន ឬស្មើនឹង១,៣លានដុល្លារសហរដ្ឋអាមេរិក ហើយព្រះនាងនឹងរស់នៅជារាស្រ្ដសាមញ្ញ ដោយមានគម្រោងទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក៕