រដ្ឋធានីណៃពិដោរ៖ ក្រោយពេលប្រធានប្ដូរវេនអាស៊ានរបស់ប៊្រុយណេ បានសម្រេច មិនឲ្យលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង (Min Aung Hlaing) ចូលរួមកិច្ចប្រជុំកំពូលរបស់ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) នោះមក របបយោធាមីយ៉ាន់ម៉ា (ឬភូមា) បានចាប់ផ្ដើមបន្ទន់ឥរិយាបថរឹងរួសរបស់ខ្លួន ហើយសម្រេចចិត្តដោះលែងអ្នកទោសនយោបាយ ជាង៥ ៦០០នាក់ ហើយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ថែមទាំង បានប្រកាសពីកិច្ចសហការឲ្យបានច្រើនបំផុតបន្ថែមទៀត។

របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ ខែតុលា បានប្រកាសថា រដ្ឋាភិបាលទីក្រុងណៃពិដោរ សន្យាថា នឹងសហការឲ្យបានកាន់តែច្រើនបំផុត តាមតែអាចធ្វើទៅបានជាមួយនឹងគម្រោងសន្តិភាពជាមួយអាស៊ាន តាមអ្វីដែលមីយ៉ាន់ម៉ាបានព្រមព្រៀង ចំនួន៥ចំណុច នាពេលកន្លងមក។ នេះជាការបន្ទន់ឥរិយាបថរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ក្រោយពេលប្រធានប្ដូរវេនអាស៊ានរបស់ប្រ៊ុយណេ មិនបានកោះអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ា ឲ្យចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ នៅលើបណ្ដាញសង្គម ថា មីយ៉ាន់ម៉ា នឹងរក្សាច្បាប់រស់នៅ ក្នុងសន្តិភាពជាមួយបណ្តាប្រជាជាតិអាស៊ាន ក៏ដូចជា កិច្ចសហការជាមួយអាស៊ានតាមកិច្ចព្រមព្រៀងសន្តិភាព ចំនួន៥ចំណុច កាលពីខែមេសា ឆ្នាំ២០២១។ កិច្ចព្រមព្រៀងទាំងនេះ ក៏ទទួលបានការគាំទ្រ ពីប្រទេសលោកខាងលិច និងចិន ផងដែរ។

ប្រធានប្ដូរវេនអាស៊ានរបស់ប៊្រុយណេ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានប្រកាសថា អាស៊ាន នឹងកោះអញ្ជើញតំណាង ដែលមិនមែនជាអ្នកនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឲ្យចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន តំណាងឱ្យពលរដ្ឋមីយ៉ាន់ម៉ា នោះឡើយ។ កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ គឺអវត្តមានប្រទេសជាសមាជិក ដោយសារតែអំពើរដ្ឋប្រហារ ហើយការចាប់ឃុំខ្លួនក្រុមបាតុករអហិង្សារាប់ពាន់នាក់។ អ្វីដែលធ្ងន់ធ្ងរបន្ថែមទៀតនោះ គឺមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនអនុញ្ញាតឱ្យប្រេសិតពិសេសរបស់អាស៊ាន ចូលជួបលោកស្រី អ៊ុង សាន់ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។

មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលមានរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី ម្ចាស់ពានរង្វាន់ណូបែលសន្ដិភាព និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមសមាគមជំនួយការអ្នកទោសនយោបាយ (AAPP) បានអះអាងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធានោះមក អាជ្ញាធររបបគ្រប់គ្រងមីយ៉ាន់ម៉ា បានបង្ក្រាប និងសម្លាប់ក្រុមអ្នកតវ៉ាអហិង្សា ជាង១ ១០០នាក់ ហើយជាង៨០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ ប៉ុន្ដែក្រោយពេលមានសម្ពាធកាន់តែខ្លាំងពីអាស៊ាន ទើបកាលពីពេលថ្មីៗនេះ របបយោធាមីយ៉ាន់ បានយល់ព្រមដោះលែងអ្នកទោសនយោបាយជាង៥៦០០នាក់៕