បរទេស៖ កប៉ាល់ដឹកទំនិញធុនធំមួយគ្រឿង ត្រូវភ្លើងឆាបឆេះ បណ្ដាលឲ្យហុយផ្សែងគ្របដណ្ដប់ពេញសមុទ្រប៉ាស៊ីហ្វិក ហើយភ្លាមៗនេះ ក្រុមឆ្មាំសមុទ្រកាណាដា បានចេញទៅធ្វើអន្ដរាគមន៍ ជួយសង្រ្គោះនាវិកចំនួន១៦នាក់ ចេញពីកប៉ាល់ដឹកទំនិញមួយគ្រឿងនោះ នៅតំបន់ឆ្នេរកាណាដា ស្ថិតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។

បើតាមសារព័ត៌មានរ៉យទ័រ បានផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា បើតាមមន្រ្ដីឆ្មាំសមុទ្រកាណាដា បានបញ្ជាក់ កាលពីថ្ងៃទី២៤ ខែតុលា ថា កប៉ាល់ដឹកទំនិញមួយគ្រឿង ឈ្មោះ Zim Kingston ត្រូវបានភ្លើងឆេះ កាលពីថ្ងៃទី២៣ ខែតុលា។ នៅក្នុងហេតុការណ៍នោះ ផ្សែងពុលបានហុយគ្របដណ្ដប់ពេញឆ្នេរសមុទ្រប៉ាស៊ីហ្វិក។

មន្រ្ដីសមុទ្រកាណាដា បានបន្ថែមថា គ្រោះអគ្គិភ័យនេះ នៅតែបន្តឆាបឆេះកប៉ាល់ដឹកទំនិញនេះ និងកំពុងបញ្ចេញឧស្ម័នពុលពាសពេញអាកាស។ ដោយឡែកនាវិកចំនួន១៦នាក់ ត្រូវបានជួយសង្រ្គោះឲ្យផុតពីគ្រោះថ្នាក់។

មន្រ្ដីសមុទ្រកាណាដា បានបន្ដថា កប៉ាល់ដឹកទំនិញ Zim Kingston បានធ្វើនាវាចរណ៍ ឆ្ពោះទៅកាន់ទីក្រុង Vancouver ។ ប៉ុន្ដែនៅពេលកប៉ាល់ ធ្វើនាវាចរណ៍មកដល់ឆ្នេរសមុទ្រកាណាដា ស្រាប់តែកើតមានគ្រោះអគ្គិភ័យឆាបឆេះ នៅពាក់កណ្ដាលផ្លូវតែម្ដង។ បច្ចុប្បន្នកប៉ាល់នេះកំពុងស្ថិតនៅច្រកសមុទ្រ Juan de Fuca ជាព្រំដែនសមុទ្រ រវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់មានសេចក្ដីរាយការណ៍ អំពីទំហំ នៃការខូចខាត ក៏ដូចជា មូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ។ ចំណែកក្រុមអ្នកពន្លត់អគ្គិភ័យរបស់កាណាដា ក៏កំពុងធ្វើប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនោះ៕