រដ្ឋធានីខាទូម៖ ពួកយោធាមិនស្គាតអត្ដសញ្ញាណ បានធ្វើរដ្ឋប្រហារ ហើយចាប់ឃុំខ្លួននាយករដ្ឋមន្រ្ដី និង រដ្ឋមន្រ្ដីជាច្រើនរូប កាលពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅក្នុងរដ្ឋធានី នៃប្រទេសស៊ូដង់។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា សមាជិករដ្ឋាភិបាលបណ្ដោះអាសន្ន និង មេដឹកនាំស៊ីវិលរបស់ប្រទេសស៊ូដង់ជាច្រើនរូប ត្រូវបានចាប់ឃុំខ្លួន ចំពេលមានសេចក្ដីរាយការណ៍ អំពីការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ លោក Abdallah Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ ក៏ស្ថិតក្នុងចំណោមឥស្សរជនជាន់ខ្ពស់ដទៃទៀត ត្រូវចាប់ខ្លួន ដោយពួកយោធាមិនស្គាល់អត្ដសញ្ញាណ។

ទោះជាយ៉ាងណា ពួកយោធាស៊ូដង់ មិនបានធ្វើអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់ អំពីការធ្វើរដ្ឋប្រហារយោធានេះឡើយ។ ប៉ុន្ដែពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនក្រុម បានជំរុញឲ្យមានការចេញមកតវ៉ា នៅតាមដងផ្លូវ។

មេដឹកនាំយោធា និងស៊ីវិលមានជម្លោះ ចាប់តាំងពីអ្នកគ្រប់គ្រងប្រទេសស៊ូដង់យ៉ាងយូរ លោក Omar al-Bashir ត្រូវដួលរំលំ កាលពីពីរឆ្នាំមុន ហើយរដ្ឋាភិបាលអន្តរកាល ក៏បានបង្កើតឡើង។ ប៉ុន្ដែគេនៅតែមិនទាន់ច្បាស់ អំពីអ្នកនៅពីក្រោយ នៃការធ្វើរដ្ឋប្រហារ ចាប់ឃុំខ្លួននាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីជាច្រើនរូប នៃប្រទេសស៊ូដង់នេះនៅឡើយ៕