រដ្ឋធានីតែលអាវីវ៖ រហូតមកដល់ពេលនេះ អ៊ីស្រាអែល បានប្រកាសពីគម្រោងសាងសង់លំនៅឋានថ្មីរបស់ជនជាតិជ្វីព ចំនួន ១៣០០ផ្ទះបន្ថែមទៀត នៅលើតំបន់វេស្ដបែង (West Bank) ហើយទង្វើនេះនាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីហ្ស៊កដានី និង ប៉ាឡេស្ទីន។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ថា អ៊ីស្រាអែល បានប្រកាស ពីគម្រោងសាងសង់លំនៅឋានជាច្រើនខ្នង សម្រាប់អ្នកតាំងទីលំនៅរបស់ជនជាតិជ្វីព នៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ គម្រោងរបស់អ៊ីស្រាអែលនេះ នាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីជនជាតិប៉ាឡេស្ទីន សកម្មជនសន្ដិភាព និងប្រទេសជិតខាងហ្ស៊កដានី។

ក្រសួងសំណង់ និងលំនៅឋាន នៃរដ្ឋាភិបាលរបស់លោក Naftali Bennett នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល មកពីគណបក្សស្ដាំនិយម បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ (ទី២៤ ខែតុលា ឆ្នាំ២០២១) ថា ការដេញថ្លៃសាងសង់លំនៅឋាន ត្រូវបានបោះពុម្ពផ្សាយ សម្រាប់ការសាងសង់ផ្ទះ ចំនួន ១ ៣៥៥ខ្នង នៅតំបន់ West Bank ដែលត្រូវបានអ៊ីស្រាអែល រឹបអូសបាន កាលពីក្នុងអំឡុងសង្គ្រាម រយៈពេលប្រាំមួយថ្ងៃ នាឆ្នាំ ១៩៦៧។

លោក Zeev Elkin រដ្ឋមន្រ្ដីក្រសួងសំណង់ និងលំនៅឋានអ៊ីស្រាអែល មកពីគណបក្សក្ដីសង្ឃឹមថ្មីស្ដាំនិយម បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការពង្រឹងវត្តមានរបស់ជនជាតិជ្វីព នៅតំបន់ West Bank គឺមានសារៈសំខាន់បំផុត សម្រាប់ចក្ខុវិស័យសកម្មភាពមនោគមវិជ្ជា និងជាតិនិយម។ គម្រោងផ្ទះថ្មីទាំងនោះ នឹងបន្ថែមទៅលើលំនៅឋាន ជាង ២ ០០០ខ្នង ដែលប្រភពពីក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងខែសីហា នឹងត្រូវបានអនុញ្ញាត សម្រាប់អ្នកតាំងលំនៅ នៅ West Bank ។

ដោយឡែក លោក Mohammed Shtayyeh នាយករដ្ឋមន្រ្ដីប៉ាឡេស្ទីន បានថ្លែង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ប្រចាំសប្ដាហ៍ បានអំពាវនាវដល់បណ្ដាប្រទេសនានា ជាពិសេស សហរដ្ឋអាមេរិក ឱ្យប្រឈមមុខនឹងអ៊ីស្រាអែល ជុំវិញ«ការឈ្លានពាន» នេះ ហើយការសាងសង់លំនៅឋានថ្មីនេះ កំពុងតែបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិប៉ាឡេស្ទីន។

រហូតមកដល់ពេលនេះ មានជនជាតិជ្វីពអ៊ីស្រាអែល ប្រហែល ៤៧៥ ០០០នាក់ កំពុងរស់នៅតាំងទីលំនៅ នៅលើតំបន់ West Bank។ ការតាំងលំនៅរបស់ពលរដ្ឋអ៊ីស្រាអែល នាពេលនេះ ត្រូវបានគេចាត់ទុក ជាការខុសច្បាប់ ក្រោមច្បាប់អន្ដរជាតិ ព្រោះវាស្ថិតនៅលើទឹកដីប៉ាឡេស្ទីន ដែលនឹងត្រូវប្រកាស ជារដ្ឋមួយ នាពេលអនាគត៕