រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្នាក់គ្រប់គ្រងសាលារៀនមួយ នៅចម្ងាយ៦៤គីឡូម៉ែត្រ នាភាគខាងជើងទីក្រុងហូស្ដុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានព្យួរឈ្មោះសិស្សប្រុសម្នាក់ ដើម្បីដាក់ទណ្ឌកម្ម លើករណីធ្វើខុសនឹងបម្រាប ហាមឃាត់ទុកសក់វែង ហើយត្រូវសិស្សមួយក្រុម មានគ្នា៧នាក់ប្ដឹង។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ថា បើតាមរឿងក្ដីនេះ បានលើកឡើងថា ថ្នាក់គ្រប់គ្រងសាលារៀនមួយ បានសម្រេចព្យួរឈ្មោះសិស្សម្នាក់ អស់រយៈពេល១ខែ ដោយហាមឃាត់សិស្សនោះ មិនឲ្យសម្រាក និងឈប់សម្រាក នៅពេលអាហារថ្ងៃត្រង់ តាមធម្មតា។ នេះជាការដាក់ទណ្ឌកម្មមួយ ទៅលើសិស្សនោះ ដែលទុកសក់វែង។

ដោយឡែក សិស្សដែលរងនឹងទណ្ឌកម្ម និងសិស្សផ្សេងទៀត មានគ្នាចំនួន៧នាក់ មានអាយុ ចន្លោះពី៧-១៧ឆ្នាំ បាននិយាយថា បទប្បញ្ញត្ដិរបស់សាលានេះ រំលោភទៅលើរដ្ឋធម្មនុញ្ញ ហើយជំពូកទី IX ដែលចែងថា ច្បាប់សហព័ន្ធន៍សហរដ្ឋអាមេរិក ហាមឃាត់ការរើសអើងភេទ។

អាជ្ញាធរក្នុងតំបន់ បានអះអាង កាលពីថ្ងៃទី២២ ខែតុលា ថា អាជ្ញាធរកំពុងតែត្រួតពិនិត្យមើលលើរឿងក្ដីនេះ។ យើងគោរពតាមទស្សនៈផ្សេងៗគ្នា ហើយយើងគោរពសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការតស៊ូមតិ ដើម្បីការផ្លាស់ប្តូរ៕