រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថា ថា ថៃបានត្រៀមរៀបចំរួចជាស្រេចហើយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ មកពីបណ្ដាប្រទេសនានា ដែលមានហានិភ័យទាប ពីជំងឺកូវីដ-១៩ ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ហើយ មកពីប្រទេស ចំនួន៤៦ នឹងត្រូវអនុញ្ញាតឲ្យចូលមក ក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមិនចាំបាច់ធ្វើចត្ដាឡីស័ក។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដីថៃ ក៏ចង់ឲ្យគ្រប់អង្គការ ត្រូវធ្វើកិច្ចសហប្រតិបត្ដិការ និងការពារដល់សាធារណជន។

ភ្ញៀវទេសចរ មកពីប្រទេសចំនួន៤៦ ដែលរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ អនុញ្ញាតឲ្យចូលមកក្នុងប្រទេសថៃនោះ រួមមាន៖ អូស្រ្ដាលី, អូទ្រីស (Austria), បារ៉ែន, ប៊ែលហ្ស៊ិក (Belgium), បូតង់ (Bhutan), ប៊្រុយណេ (Brunei), ប៊ុលហ្គារី (Bulgaria), កម្ពុជា, កាណាដា, ឈីលី (Chile), ចិន, ស៊ីប (Cyprus), ឆែក (Czech Republic), ដាណឺម៉ាក (Denmark), អេស្ដូនី (Estonia), ហាំងឡង់ដ៍ (Finland), បារាំង, អាល្លឺម៉ង, ក្រិក, ហុងហ្គ្រី, Iceland, Ireland, អ៊ីស្រាអែល, អ៊ីតាលី, ជប៉ុន, Latvia, Lithuania, ម៉ាឡេស៊ី, Malta, ហូឡង់ដ៍, New Zealand, Norway, Poland, Portugal, Qatar, Saudi Arabia, សិង្ហបុរី, Slovenia, កូរ៉េខាងត្បូង, អេស្ប៉ាញ, ស៊ុយអែត, ស្វីស, អារ៉ាប់រួម (United Arab Emirates), ចក្រភពរួម (the United Kingdom), សហរដ្ឋអាមេរិក និង ហុងកុង។

រដ្ឋាភិបាលថៃ រំពឹងថា ការបើកទ្វារប្រទេសទទួលទេសចរបរទេសនេះ នឹងរកបានប្រាក់ចំណូលបាន ១,៥ពាន់ពាន់លានបាត ឬស្មើនឹងប្រហែលជាង ៤៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្ដែទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្ដី នៅតែមានការព្រួយបារម្ភខ្លះៗដែរ អំពីការផ្ទុះជំងឺកូវីដសាជាថ្មីផងដែរ៕