រដ្ឋធានីញូវដេលី៖ ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ភ្លៀងបានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសឥណ្ឌា និងនេប៉ាល់ បង្កឲ្យកើតគ្រោះទឹកជំនន់ និង រអិលបាក់ដី បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតកើនដល់ ១២៩នាក់។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ  បានចេញផ្សាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដី នៅក្នុងប្រទេសឥណ្ឌា និង នេប៉ាល់ បានកើនឡើងដល់១២៩នាក់។ ទឹកជំនន់ នៅរដ្ឋ Uttarakhand នាភាគខាងជើង ​ឥណ្ឌា បានសម្លាប់មនុស្ស សរុប៤៦នា ហើយ​១១នាក់ទៀតបាត់ខ្លួន។ ចំណែក​រដ្ឋ ខឺរ៉ាឡា (Kerala) នាភាគខាងត្បូង ឥណ្ឌា ក៏មានមនុស្សស្លាប់ សរុប៣៩នាក់​ផងដែរ។

ដោយឡែក អាជ្ញាធរឥណ្ឌា បានអះអាងថា ភ្លៀង បានធ្លាក់មកយ៉ាងខ្លាំង នៅក្នុងរដ្ឋ​ទាំងពីរខាងលើ ចាប់តាំងពី​ថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២១។ ភ្លៀងបានធ្លាក់មក ក្នុងកម្រិត​ជាង ៤០០មិលី្លម៉ែត្រ ទើបបង្កឲ្យមានគ្រោះទឹកជំនន់ និង ការរអិលបាក់ដីបែបនេះ។

បើតាមអាជ្ញាធរនេប៉ាល់ ក៏បានអះអាង នៅថ្ងទី២០ ខែតុលា ថា គ្រោះធម្មជាតិនេះបានធ្វើឲ្យ ប្រជាជនរបស់ខ្លួន យ៉ាងហោចណាស់៤៣នាក់ ​បាត់បង់ជីវិត ហើយ៣០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា ទើបបង្កឲ្យកើតគ្រោះទឹកជំនន់ និង ការរអិលបាក់ដី នៅតាមតំបន់ជាប់នឹងជួរភ្នំហិមពាន្ដ៕