រដ្ឋធានីញូវដេលី៖ បុរសម្នាក់ ចង់បានទ្រព្យសម្បត្ដិខាងប្រពន្ធ ក៏រៀបចំគម្រោងសម្លាប់​​ប្រពន្ធរបស់ខ្លួន ដោយពស់វែង មកធ្វើជាអាវុធ សម្រាប់បំភ័ន្ដភ្នែកប៉ូលិសឥណ្ឌា ប៉ុន្ដែទង្វើដ៏លាមកនោះ មិនអាចបិទបាំងបាន ក៏ត្រូវបានតុលាការ រកឃើញទោសកំហុស សម្រេចកាត់ទោសដ៏កម្រ ដាក់ក្នុងពន្ធនាគារ អស់រយៈពេល២ជីវិត ក្រោមការចោទប្រកាន់ ពីបទ «ឃាតកម្ម»។

​សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ថា បុរសជនជាតិឥណ្ឌាម្នាក់ កាលពីសប្តាហ៍មុន ត្រូវបានតុលាការ កាត់ទោសដ៏កម្រ សម្រេចឲ្យជាប់ពន្ធនាគារ អស់រយៈពេល២ជីវិត  ពីបទសម្លាប់ប្រពន្ធរបស់គាត់ ដោយប្រើពស់វែក ឲ្យខាំនាង។ ជនជាប់ចោទ Soutik Biswas និង Ashraf Padanna បានរួមគ្នាបង្កើតព្រឹត្តិការណ៍នេះ រហូតឈាន​ដល់មានអំពើឃាតកម្មដ៏សាហាវមួយ។

ជនជាប់ចោទ Suraj និង នាង Uthra ​បានជួបគ្នា កាលពីពីរឆ្នាំមុន តាមរយៈអ្ន​កបម្រើសេវាកម្ម​​អាពាហ៍ពិពាហ៍។ ចំណែកឪពុករបស់ Suraj ​ជាអ្នកបើករ៉ឺម៉កម៉ូតូ ហើយម្តាយរបស់គេ ជាមេផ្ទះ។ ដោយឡែក Uthra មានអាយុតិចជាងជនជាប់ចោទ៣ឆ្នាំ។ ចំណែកឪពុករបស់នាងជាឈ្មួញកៅស៊ូ និងម្តាយជានាយកសាលាចូលនិវត្តន៍។​

មន្រ្ដីស៊ើបអង្កេត បានបញ្ជាក់ថា នៅពេលគូស្វាមីភរិយានេះរៀបការ លោក Suraj  បានទទួល​ថ្លៃបណ្ណាការ ពីឪពុកម្តាយរបស់ Uthra  នូវមាស​ទម្ងន់៧៦៨ក្រាម (មានតម្លៃប្រហែល ៣២ ០០០ ដុល្លារ​) រថយន្តស៊ុយហ្ស៊ូគីមួយគ្រឿង និងលុយ​​៤០ម៉ឺនរូពី។ ក្រៅពីនេះ ជនជាប់ចោទ ​ក៏បានទទួលប្រាក់ចំនួន ៨ ០០០ រូពី ក្នុងមួយខែ ពីឪពុកម្តាយខាងស្រី សម្រាប់ការមើលថែកូនស្រីរបស់ពួកគេ ថែមទៀតផង។​

មន្រ្ដីដដែល បានបន្ដថា ក្រោយពេលរៀបការរួច ជនជាប់ចោទបែកគំនិតអាក្រក់ ចង់សម្លាប់ប្រពន្ធ ដើម្បីយកទ្រព្យ។  លុះមកដល់​ខែតុលា ឆ្នាំ២០២០ ជនជាប់ចោទ Suraj Kumar

បានចំណាយលុយចំនួន៧ ០០០រូពី ឬស្មើនឹង៩២ដុល្លារ សម្រាប់ទិញ​​ពស់វែក​។ ចំណែកការជួញដូរពស់ ជាអំពើខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្ដែ Suraj បានទិញ ដោយសម្ងាត់ពីអ្នកចាប់ពស់ឈ្មោះ Suresh Kumar នៅរដ្ឋ Kerala ភាគខាងត្បូង ឥណ្ឌា។​​

មន្រ្ដីស៊ើបអង្កេត បានបន្ថែមថា ជនជាប់ចោទ Suraj Kumar បានចោះប្រហោងដបប្លាស្ទីក សម្រាប់ធ្វើឲ្យមានខ្យល់ចេញចូល ហើយដាក់ពស់វែង នៅក្នុងនោះ រួចយកវាទៅដាក់ នៅក្នុងផ្ទះ។​ ប៉ុន្ដែ៣០ថ្ងៃក្រោយមក គេបានយកដបដាក់ពស់នោះ ច្រកចូលក្នុងថង់ ហើយយកទៅទុក នៅក្នុងផ្ទះឪពុកក្មេករបស់ខគេ ដែលមានចម្ងាយ៤៤គីឡូម៉ែត្រ ជាកន្លែងដែលប្រពន្ធរបស់គាត់ ឈ្មោះ​ Uthra បានជាសះស្បើយពីពស់ចឹក។​​

មន្រ្ដីស៊ើបអង្កេត បានបន្ដថា រហូតមកដល់​យប់ ថ្ងៃទី៦ ឧសភា ឆ្នាំ២០២១​ ​ខណៈនាង  Uthra បានជាសះស្បើយ នាងបានទទួល​ទឹកផ្លែឈើមួយកែវ ពី Suraj ជាប្ដី ដែលមានដាក់ថ្នាំបំបាត់ការឈឺចាប់។ ក្រោយមក Suraj  បានយកធុង ដែលដាក់ពស់វែកនោះ ចេញមក ហើយក្រឡាប់វា និង​ទម្លាក់ពស់ប្រវែង៥ហ្វីត មកលើប្រពន្ធ ដែលកំពុងដេកយ៉ាងលង់លក់។​

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលពស់ចឹកនាង  Uthra ហើយ ពស់បានលូនចេញ។ ប៉ុន្ដែ Suraj  ជាប្ដីដ៏គម្រក់នេះ បានយកពស់នោះ មកដល់ពីលើប្រពន្ធ ឲ្យចឹកបន្ដទៀត។​ Suraj បានព្យាយាម ធ្វើបែបនេះ ចំនួន៣លើក។​ ប៉ុន្ដែភ្លាមៗនោះ ក្រុមគ្រួសារ និង ឪពុកម្ដាយរបស់ Uthra  បានប្រញាប់បញ្ជូននាងទៅកាន់មន្ទីរពេទ្យ ហើយត្រូវបានក្រុមវេជ្ជបណ្ឌិត អះអាងថា នាងបានស្លាប់ដោយសារជាតិពឹស ហើយរាយការណ៍ទៅប៉ូលិស។

បើតាមរបាយការណ៍ធ្វើកោសល្យវិច័យ បានរកឃើញ មានស្នាមរបួស ចំនួនពីរគូ ដែលមានចម្ងាយតិចជាង មួយអ៊ីញ នៅកំភួនដៃខាងឆ្វេងរបស់ស្រ្ដីរងគ្រោះ។ ចំណែកសំណាកឈាមនិងប្រដាប់ភេទ បានបង្ហាញពីវត្តមានរបស់ពិសពស់វែក និងថ្នាំបំបាត់ការឈឺចាប់។ ពស់វែកពស់វែក អាចសម្លាប់ក្នុងរយៈពេលជាច្រើនម៉ោង ដោយធ្វើឱ្យសាច់ដុំដង្ហើមខ្វិន ឬមិនអាចដំណើរការបាន។​ តាមរយៈកោសល្យវិច័យនេះ  ប៉ូលិសជំនាញ ​ធ្វើការស៊ើបអង្កេត ទៅតាមជំនាញរបស់ខ្លួន រហូតស្វែងរកការពិតឃើញ ហើយនាំជនជាប់ចោទយកទៅកាន់ទោស ដាក់ពន្ធនាគារ អស់រយៈពេល២ជីវិត៕