អភិបាលស្រុកសេសានខេត្តស្ទឹងត្រែងបានប្រកាសឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន និងទន្លេ ស្រែពក ខាងលើទំនប់វារី អគ្គិសនីសេសានក្រោមពីរ ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្ន ក្នុងពេលដែលរដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសពីករណីជំនន់ទឹកភ្លៀងបានជន់លិចនៅមូល ដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកលំផាត់ខេត្តរតនគិរី និងបន្តមកជន់លិច ដល់ឃុំក្បាលរមាសនិងនៅឃុំតាឡាតមួយចំនួនទៀត ។

លោកអភិបាលស្រុកបានជូនព័ត៌មាននេះឱ្យប្រជាពល រដ្ឋត្រូវត្រៀមទូក ច្រវានិងមើល ថែមនុស្សមានវ័យចំណាស់ កុមារតូច ចៀសវាងកុំឱ្យកើត មាននូវករណីគ្រោះថ្នាក់ដោយយថាហេតុណាមួយដោយ សារជំនន់ទឹកភ្លៀងនេះ។ មិនតែប៉ុណ្ណោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះសត្វមានពិសទិចឬខាំ និងចៀសវាងកុំឱ្យកុមារតូចជិះទូកឬលេងទឹកជាដើមដើម្បីយើងបង្ការគ្រោះថ្នាក់ទាំង អស់គ្នា។ បើបងប្អូនក្រុមគ្រួសារប្រជាពលរដ្ឋណារងផលប៉ះពាល់ ពិនិត្យមើលស្ថានភាពទឹកនេះ អាចលិចចូលដល់ក្នុងផ្ទះ ត្រូវរាយ ការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីជម្លៀសទៅរកទីទួលសុវត្ថិភាពបញ្ចៀសនូវគ្រោះ ថ្នាក់ឱ្យខានតែបាន។

អាជ្ញាធរមូលដ្ឋានក៏បានដាក់កម្លាំងប្រចាំការ មានមន្ត្រីប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ អាជ្ញាធរភូមិ នៅតាមគោលដៅដែលងាយរងគ្រោះដើម្បីពិនិត្យមើលសភាពការណ៍ជាក់ស្ដែង ប្រសិនបើមានករណីប្រឈមណាមួយក្រុម ការងារនឹងជួយគ្នាទៅវិញទៅ មកដើម្បីសង្គ្រោះប្រជាពលរដ្ឋយើងឱ្យរួចផុតពីគ្រោះថ្នាក់ចៀសវាងកុំឱ្យមានបញ្ហាប្រឈមកើតឡើងដោយសារជំនន់ទឹកភ្លៀងនេះ។

សូមបញ្ជាក់ថា ស្រុកសេសាន មានឃុំក្បាលរមាសនិងឃុំតាឡាត បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់ពីទន្លេស្រែពកមកដោយសារព្យុះទី៨ រងផលប៉ះពាល់និងមានភ្លៀងធ្លាក់ រយៈពេលមួយសប្តាហ៍កន្លងមកបច្ចុប្បន្នស្ថានភាពទឹកកំពុងតែបន្តឡើងនៅឡើយ៕

ប្រភព: ក្រសួងព័ត៌មាន