រាជធានីភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានពុលស្រាថ្នាំសញ្ញាទំពាំងបាយជូបណ្តាលឲ្យស្លាប់។ ករណីនេះបានកើតឡើងពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ នៅចំណុចអាគារកំពុងជួសជុល ជាន់ទី២ អាគារលេខ២៧ ផ្លូវលេខ២២២កែងផ្លូវលេខ៥៥ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពដែលស្លាប់មានឈ្មោះ លឹម សុភា ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១០.០៣.១៩៨០ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះលេខ១៣៩ ភូមិរុនខាងជើង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្នាក់នៅក្នុងអាគារកើតហេតុខាងលើ។

សភាពនៃរឿងហេតុបើតាមការបំភ្លឺពីសាក្សីឈ្មោះ សឿង សិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត០៧.០២.១៩៧២ ស្រុកកំណើតស្រុកមង្គលបូរី ខេត្តបាត់ដំបង មុខរបរកម្មករសំណង់ផ្នែកបិទការ៉ូ ស្នាក់នៅក្នុងអាគារកើតហេតុខាងលើបានអោយដឹងថា កាលពីថ្ងៃទី១៨.១០.២០២១វេលាម៉ោង១៧:០០នាទីឈ្មោះលឹម សុភា ភេទប្រុស ជាកម្មករសំណង់ដូចគ្នា ពេលចប់ការងារបានទៅទិញស្រាទំពាំងបាយជូរមួយដបមកផឹកពេលបាយជុំគ្នា តែអត់មានអ្នកផឹកទេគាត់ក៏បានផឹកម្នាក់ឯងអស់មួយដបរួចក៏ចូលសំរាករៀងៗខ្លួនទៅ ចំណែកខ្ញុំបានដេកនៅក្បែរនោះ។

លុះដល់ម៉ោង២៣:០០នាទីខែឆ្នាំដដែលជនរងគ្រោះបានត្អូញថា ឈឺក្បាល ហើយខ្ញុំបានអោយគាត់លេបថ្នាំតែគាត់ពុំលេបទេហើយក៏សំងំដេកទៅ។ រហូតដល់ម៉ោង០៤:៣០នាទីថ្ងៃទី១៩.១០.២០២១ គាត់ក៏បានងើបឡើងដើរនោមដាក់កម្មករដេកក្បែរៗវានោះ ខ្ញុំឃើញដូច្នេះក៏អូសដៃគាត់អោយទៅដេកវិញហើយគាត់នៅមានសភាពនៅស្រវឹងវង្វេងនៅឡើយ។ ពេលគាត់ដេកនោះខ្ញុំបានលឺសំឡេងគាត់ថ្ងូរ ខ្ញុំក៏បានទៅមើលគាត់រហូតដល់ម៉ោង០៧:០០ខែឆ្នាំដដែលគាត់ក៏បានបាត់សំឡេងថ្ងូរ ខ្ញុំបានដាស់គាត់តែមិនគាត់មិនឆ្លើយតប ខ្ញុំក៏បានហៅកម្មករដែលដេកនៅក្បែរនោះអោយជួយលើកជនរងគ្រោះពីបន្ទប់ជាន់ទី២មកជាន់ក្រោមផ្ទាល់ដីដើម្បីហៅម៉ូតូកង់បីឲ្យជួយដឹកគាត់ទៅពេទ្យ តែពុំមានអ្នកណាហានជួយដឹកឡើយដោយជនរងគ្រោះបាត់ដង្ហើមទៅហើយ។

ជនរងគ្រោះបានផឹកស្រាទំពាំងបាយជូរ(ប្រភេទដប់ជ័រចំណុះកន្លះលីត្រ)ពីរទៅបីថ្ងៃមកហើយ។ ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ បានគ្រប់គ្រងកន្លែងកើតហេតុ បានរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យបច្ចេកទេសវិឡាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

សន្និដា្ឋន និងវាយតម្លៃក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោនង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ស្លាប់ដោយសារពុលសារជាតិមេតាណុល នៅក្នុងស្រាទំពាំងបាយជូរ។

វត្ថុតាងដកហូតមាន៖ សំបកដបជ័រ(ស្រាទំពាំងបាយជូរ)ចំណុះកន្លះលីត្រ ចំនួន៧សំបកដប។ បានប្រគល់អោយប៉ុស្ដិ៍នគរបាលរដ្ឋាបាលបឹងរាំងរក្សាទុកជាបណ្ដោះអាសន្ន។ បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕