ខេត្តព្រះសីហនុ៖ រថយន្តធុនធំ១គ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយវ៉ាជែងពេញផ្លូវតែឯង ដោយមិនខ្វល់ពីរឿងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរសោះ រហូតធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន ក៏រាយការណ៍សុំអន្តរាគមន៍ ដើម្បីឃាត់ខ្លួនអ្នកបើកបរយកមកអប់រំ ធ្វើកិច្ចសន្យា ។
សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការដឹកនាំបញ្ជាពីលោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឧកញ៉ាហេង បានឃាត់រថយន្តធុនធំ០១គ្រឿង កាលពីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២១និង៣០នាទី នៅចំណុចជញ្ជីងថ្លឹងរថយន្តអូរចំណារ ស្ថិតក្នុង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរឈ្មោះ រស់ សារ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះរថយន្តខាងលើនេះត្រូវបានប្រជាពលរដ្ឋ ប្តឹងរាយការណ៍មកថា បើកបរក្នុងល្បឿនលឿនវ៉ាជែងក្នុងស្ថានភាពអាចនឹងមានគ្រោះថ្នាក់ ។ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំរួចហើយ កម្លាំងជំនាញក៏អនុញ្ញាតឲ្យអ្នកបើកបរខាងលើបន្តដំណើរទៅមុខបន្តទៀត ៕