បរទេស៖ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើទឹកដីសហរដ្ឋអាមេរិក នៅតែបន្ដឆ្លងជាង ៧១ ០០០នាក់ និងស្លាប់ថ្មីជាង ១ ៥០០នាក់ ហើយនេះជាចំនួនឆ្លងថ្មី និង ស្លាប់ថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី ៧១ ៥១២នាក់ និងករណីស្លាប់ថ្មីដោយកូវីដ ចំនួន ១ ៥៥៥នាក់។ គិតត្រឹមវេលាខាងលើ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៤៥ ៩៩៦ ២១០នាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៧៤៨ ៦៤៤នាក់ និង មានអ្នកជាសះស្បើយ ៣៥ ៧០២ ២៥៤នាក់។ ដោយឡែក អ្នកជំងឺ ចំនួន ៩ ៥៤៥ ៣១២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៤ ៧៣៧នាក់។

ដោយឡែក ចិនជាប្រភពដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ២៥នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនឈរលើលេខរៀងទី១១៣ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ៥៧១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ចំនួន ៩១ ៤២១នាក់ ហើយអ្នកជំងឺចំនួន ៥១៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល។

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានប្រទេស និងដែនដី ចំនួន ២២១ កំពុងរងគ្រោះ ពីវិបត្ដិសុខភាពមួយនេះ។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២៤២,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង៤,៩លាននាក់ និងមានអ្នកជាសះស្បើយ ជាង ២១៩,៦លាននាក់៕​