រដ្ឋធានីញូវដេលី៖ កូនកំលោះក្រមុំ ជនជាតិឥណ្ឌា បានជិះឆ្នាំង ធ្វើដំណើរឆ្លងកាត់ផ្លូវលិចទឹក​ដើម្បីទៅកាន់កន្លែងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ខណៈភ្លៀងកំពុងតែធ្លាក់មកយ៉ាងខ្លាំង បង្កឲ្យ​​ជន់លិចតំបន់ជាច្រើន នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង ប្រទេសឥណ្ឌា។​

​សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ថា ​កូនកំលោះក្រមុំមួយគូ បានរៀបចំពាហ៍ពិពាហ៍ ចំពេលមាន​ទឹកជំនន់ជន់លិចភូមិឋានរបស់ពួកគេ។ ចុងក្រោយគូស្នេហ៍កំលោះក្រមុំនេះ បានខ្ចីឆ្នាំងដ៏ធំមួយរបស់អ្នកស្រុក ជិះចាកចេញពីព្រះវិហារ នៅក្នុងតំបន់ ដើម្បីធ្វើដំណើរទៅកាន់កន្លែងរៀបចំពិធី ដោយមានបុរស២នាក់ ជាអ្នករុញឆ្នាំងដឹកកូនកំលោះក្រមុំ។ រូបភាពនេះ ត្រូវបានគេបង្ហោះ ចែកចាយ ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម។​

កូនក្រមុំ បានប្រាប់ដល់បណ្តាញសារព័ត៌មានក្នុងស្រុក Channel Asianet ក្រោយពេលរៀបការភ្លាមៗ​ថា «​យើងមិនដែលនឹកស្រមៃថា ការរៀបការរបស់ពួកយើង ក្លាយទៅជាបែបនេះទេ»។​

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានវាយប្រហារយ៉ាងខ្លាំង មកលើតំបន់មួយចំនួន នៅក្នុងប្រទេសឥណ្ឌា។ ដោយសារតែភ្លៀង ធ្លាក់មកយ៉ាងខ្លាំងបែបនេះ ទើបបង្កឲ្យកើតគ្រោះទឹកជំនន់ និង ការរអិលបាក់ដី សម្លាប់ពលរដ្ឋឥណ្ឌា យ៉ាងតិច២៨នាក់ នៅទូទាំងរដ្ឋ​ Kerala ។​​

បើតាមអាជ្ញាធររដ្ឋ  Kerala  បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែតុលា អាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទៅកាន់ជំរំសង្គ្រោះចំនួន១០០កន្លែង។​ ដោយឡែក គ្រោះទឹកជំនន់ នៅក្នុងរដ្ឋ Kerala  កាលពីឆ្នាំ២០១៨ ក៏បានសម្លាប់មនុស្សជិត៥០០នាក់ផងដែរ៕​