រដ្ឋធានីវ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអតីប្រធាននាយអគ្គសេនាធិការចម្រុះ បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មាន BBC បានផ្សាយថា លោកឧត្ដមសេនីយ៍ Colin Powell  អតីតរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក និង ជាអតីតនាយអគ្គសេនាធិការចម្រុះ បានទទួលមរណភាព ក្នុងវ័យ៨៤ឆ្នាំ ដោយជំងឺកូវីដ-១៩។​

បើតាមក្រុមគ្រួសារ បានបញ្ជាក់ថា លោក Colin Powell បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់ដូសរួចរាល់ហើយ។ ប៉ុន្ដែអតីតរដ្ឋមន្រ្ដីក្រសួងការបរទេសរូបនេះ បានទទួលមរណភាព កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។​

លោក Colin Powell ក្លាយជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដំបូងគេ បានកាន់តំណែងរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិកលើក នៅក្នុងឆ្នាំ២០០១ ក្រោមរដ្ឋការរបស់លោក ​George W Bush ប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក Powell ក៏បានបង្កឱ្យមានភាពចម្រូងចម្រាស ចំពោះការជួយគាំទ្រដល់សង្គ្រាមអ៊ីរ៉ាក់ផងដែរ។​​

សូមជម្រាបថា លោក Powell ជាទាហានអាជីពដ៏លេចធ្លោមួយរូប ហើយលោកក៏ធ្លាប់មកបំពេញបេសកកម្ម នៅក្នុងសង្គ្រាមវៀតណាម។ លោក Powell ក៏បានក្លាយទៅជាទីប្រឹក្សាសន្តិសុខជាតិស្បែកខ្មៅដំបូងគេ នៅចុងបញ្ចប់ នៃអាណត្តិប្រធានាធិបតី Ronald Reagan។ ​លោក Powell ធ្លាប់កាន់តំណែងជាប្រធានអគ្គសេនាធិការចម្រុះអាមេរិកស្បែកខ្មៅវ័យក្មេងជាងគេ ក្រោមរដ្ឋការរបស់លោកប្រធានាធិបតី George H.W. Bush ផងដែរ​។

ក្រោយពេលទទួលបានជ័យជម្នះ នៅក្នុងអំឡុងសង្គ្រាម នៅឈូងសមុទ្រ ​ដឹកនាំដោយសហរដ្ឋអាមេរិកនោះមក ប្រជាប្រិយភាព​របស់លោក បានកើនឡើងយ៉ាងខ្លាំង នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ លោកត្រូវបានគេចាត់ទុក ជាគូប្រជែងដ៏សំខាន់ ដើម្បីក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា កេរ្តិ៍ឈ្មោះរបស់លោក Powell តែងតែត្រូវបានបំផ្លាញ ដោយសារលោកបានជំរុញឲ្យមានការស៊ើបការណ៍មិនពិត នៅចំពោះមុខអង្គការសហប្រជាជាតិ ដើម្បីតស៊ូមតិ ជុំវិញសង្គ្រាមអ៊ីរ៉ាក់។ ប៉ុន្ដែក្រោយមក លោក Powell បានចាត់ទុកថា ករណីនេះក្លាយជា «ស្នាមប្រឡាក់» នៅលើកំណត់ត្រារបស់លោក៕